បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះអាមេរិក USS Theodore Roosevelt ទើបបានបញ្ចប់សមយុទ្ធយោធាមួយ នៅដែនសមុទ្រចិនខាងត្បូង ជាមួយកងកម្លាំងជើងអាកាសនៃប្រទេសម៉ាឡេស៊ី។
នាវាផ្ទុកយន្តហោះនិងកងនាវាលេខ១១ ដែលអមដំណើរដោយនាវាចម្បាំងសមត្ថភាពមីស៊ីល USS Bunker Hill ព្រមទាំងនាវាពិឃាត USS John Finn និង USS Russell បានធ្វើសមយុទ្ធយោធាទ្វេភាគី ជាមួយកងទ័ពអាកាសម៉ាឡេស៊ី នៅថ្ងៃអង្គារនិងថ្ងៃពុធសប្ដាហ៍នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកឧត្តមនាវី Doug Verissimo ជាមេបញ្ជាការនៃក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះលេខ៩ បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងថ្លែងអំណរគុណយ៉ាងជ្រាល់ជ្រៅ សម្រាប់ឱកាសធ្វើការហ្វឹកហាត់រួមគ្នាជាមួយកងទ័ពអាកាសម៉ាឡេស៊ី”។
គួរបញ្ជាក់ថា សម្ពន្ធមិត្តយោធារបស់សហរដ្ឋអាមេរិក ជាមួយអូស្ត្រាលី និងនូវែលសេឡង់ ធ្វើប្រទេសម៉ាឡេស៊ីឲ្យជាសមាជិកមួយនៃសន្ធិសញ្ញារៀបចំការពារអំណាចទាំង៥ ជាមួយអូស្ត្រាលី នូវែលសេឡង់ សិង្ហបុរី និងអង់គ្លេស ដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក។ ប្រទេសម៉ាឡេស៊ី ក៏មានជាប់ពាក់ព័ន្ធក្នុងជម្លោះទឹកដីជាមយប្រទេសចិនផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង