បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ ត្រូវបានគេមើលឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ជាមួយគ្នានេះដែរ ចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃគិតត្រឹមថ្ងៃសៅរ៍ មាន៧៨៩នាក់ ដែលនាំឲ្យរដ្ឋាភិបាល បង្កើនការទប់ស្កាត់ការឆ្លងជំងឺ នៅមុនពេលពិធីបុណ្យមហាសង្ក្រានដ៏ធំ នៅក្នុងប្រទេសនឹងប្រារព្ធឡើង ។
មជ្ឈមណ្ឌលតាមដានស្ថានភាពជំងឺកូវីដ១៩ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីចំនួន៧៨៩នាក់ មាន៧៨១នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ជាមួយគ្នានេះដែរ អ្នកដែលឆ្លងជំងឺទាំងនេះមានពាក់ព័ន្ធនឹងការនៅប្រមូលផ្តុំគ្នានៅរដ្ឋធានីបាងកក និងនៅផ្តុំគ្នានៅកន្លែងផ្សេងៗទៀត ទន្ទឹមនឹងនេះដែរ ០៨នាក់ផ្សេងទៀតគឺជាអ្នកឆ្លងជំងឺដែលនាំចូលពីខាងក្រៅ ។
មជ្ឈមណ្ឌលបានឲ្យដឹងថា ករណីសរុបនៅក្នុងប្រទេសបានកើនឡើងដល់៣១.៦៥៨នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៩៧នាក់ ។
មជ្ឈមណ្ឌលដដែលនេះបានឲ្យដឹងថា អ្នកស្លាប់បន្ថែមទៀតត្រូវបានគេរាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះ មានបុរសម្នាក់អាយុ៦៨ឆ្នាំ ដែលមានរោគទឹកនោមផ្អែម លើសឈាម និងខូចតម្រងនោម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

