បរទេស៖ អភិបាលក្រុងបាងកកលោក Aswin Khwanmuang បាននិយាយថា ទីក្រុងបាងកកនេះ មានគ្រែគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការកើនឡើងថ្មីៗ នៃអ្នកឆ្លងជំងឺកូវីដ១៩ ភ្ជាប់ទៅនឹងការឆ្លង ជាចង្កោមនៅតំបន់ Thong Lor។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Aswin បាននិយាយថា ទីក្រុងបាងកក មានសមត្ថភាពព្យាបាល ចំនួនអ្នកជម្ងឺ Covid-19 ដែលកំពុងកើនឡើង ពីកន្លែងកម្សាន្ត ខណៈដែលរដ្ឋបាលក្រុងបាងកក បានរៀបចំមូលដ្ឋាន សម្រាប់ការបង្កើតមន្ទីរពេទ្យ នៅតាមមូលដ្ឋាន ចាប់តាំងពីរលកដំបូង កាលពីឆ្នាំមុន។
លោកបន្តថា សម្ភារៈបរិក្ខារ រួមមានមន្ទីរពេទ្យ Rachapiphat ដែលគ្រប់គ្រង ដោយសាលារាជធានី មានគ្រែមន្ទីរពេទ្យចំនួន ២០០ កន្លែង ខណៈដែលគ្រែ ៥០០ ទៀតអាចរកបាន នៅមន្ទីរពេទ្យ Bang Khun Thian Geriatric ។
សូមជម្រាបថា ការឆ្លងវីរុសជាចង្កោម ទីក្រុងបាងកក ត្រូវបានគេបញ្ជាក់ ចំពេលមានការប្រារព្ធ ពិធីចូលឆ្នាំថ្មីកើតឡើង នៅទូទាំងព្រះរាជាណាចក្រ។ មជ្ឈមណ្ឌលគ្រប់គ្រង ស្ថានការណ៍ Covid-19 បានព្រមានថា ការឆ្លងជាចង្កោម មានការរីករាលដាល យ៉ាងឆាប់រហ័ស នៅក្នុងតំបន់ជាច្រើន នៃប្រទេស៕
ប្រែសម្រួលៈ ណៃ តុលា