ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា ក្រុមកម្មករអណ្តូងរ៉ែ ចំនួន០៨នាក់ ត្រូវបានជួយសង្រ្គោះ និង២១នាក់ នៅជាប់គាំង ខាងក្នុងអណ្តូងរ៉ែធ្យូងថ្ម មួយកន្លែង ដែលបានរងគ្រោះ ដោយទឹកជំនន់ ដែលបានកើតឡើង នៅភាគពាយព្យ ប្រទេសចិន ស្ថិតក្នុងខេត្ត ស៊ីចាង ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់ប្រទេសចិន ស៊ិនហួ បានរាយការណ៍ នៅថ្ងៃអាទិត្យនេះ ដោយដកស្រង់សម្តី ចេញពីនាយកដ្ឋានសង្គ្រោះបន្ទាន់ ក្នុងស្រុកដែលបានឲ្យដឹងដូច្នេះ ។
សេចក្តីរាយការណ៍បានដាក់ថា ផ្នែកមួយនៃអណ្តូងរ៉ែ ដែលរងគ្រោះ ដោយទឹកជំនន់ ដែលនាំឲ្យរលត់អគ្គីសនី បន្ទាប់ពីម៉ោង៦យប់ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ នៅគ្រាដែលក្រុមកម្មករ អណ្តូងរ៉ែចំនួន២៩នាក់ បានធ្វើការ នៅទីតាំងអណ្តូងរ៉ែ ស្ថិតនៅតំបន់ Hutubi នៃខេត្ត ស៊ីចាង ។
នៅក្នុងសេចក្តីរាយការណ៍ ដាច់ដោយឡែក ដែលបានចុះផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ Global Times បានឲ្យដឹងថា ១២នាក់ក្នុងចំណោម កម្មករអណ្តូងរ៉ែ ដែលជាអ្នកជាប់គាំង ដែលត្រូវបានកំណត់ទីតាំង នៅក្នុងអណ្តូងរ៉ែ នៅថ្ងៃអាទិត្យនេះ និងត្រូវបានគេរំពឹងថា នឹងអាចជួយសង្គ្រោះបាន ទន្ទឹមនឹងនេះដែរ ក្រុមកម្មករអណ្តូងរ៉ែ ចំនួន០៩នាក់ទៀត មិនអាចដឹងថា នៅទីតាំងណានោះទេ ។
អណ្តូងរ៉ែនៅក្នុងប្រទេសចិន គឺជាអណ្តូងរ៉ែ ដែលបង្កឲ្យមានមនុស្សស្លាប់ ជាច្រើននាក់ នៅលើពិភពលោក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា