ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងព្រួយបារម្ភ ចំពោះការ បង្កើតយោធា ​របស់រុស្ស៊ី នៅតាមព្រំដែន អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដោយចលនាកងទ័ពរុស្ស៊ី នៅតាមព្រំដែនរបស់ខ្លួន ជាមួយអ៊ុយក្រែន ដោយកត់សម្គាល់ថា ប្រទេសរុស្ស៊ីឥឡូវនេះ មានកងទ័ពនៅតាមព្រំដែនច្រើន ជាងពេលណាៗទាំងអស់ ចាប់តាំងពីឆ្នាំ២០១៤ មក។

លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មាន អំឡុងសន្និសីទកាសែតប្រចាំថ្ងៃថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ដោយការកើនឡើង ការឈ្លានពានរបស់រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន រួមទាំងចលនាកងទ័ពរុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន។

លោកស្រីបានបន្ថែមថា“ ទាហានអ៊ុយក្រែនចំនួន ៥ នាក់ត្រូវបានសម្លាប់ ក្នុងសប្តាហ៍នេះ”។ លោកស្រីក៏បានកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះប្រទេសរុស្ស៊ី បានដាក់ពង្រាយ កងទ័ពបន្ថែមទៀត នៅតាមបណ្តោយព្រំដែន ជាមួយអ៊ុយក្រែន ជាងពេលណាៗទាំងអស់ ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលជម្លោះ នៅភាគខាងកើតអ៊ុយក្រែន បានផ្ទុះឡើង។ ជម្លោះដែលកំពុងកើតមាននេះ បានសម្លាប់មនុស្ស ប្រមាណ ១៤,០០០ នាក់ និង ធ្វើឲ្យមនុស្ស ប្រមាណ ៤០,០០០ នាក់រងរបួស។

អគ្គសេនាធិការរង វិមានក្រឹមឡាំង លោក Dmitry Kozak បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងត្រូវបង្ខំឱ្យការពារប្រជាជន នៅតំបន់ដុនបាស ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ប្រសិន បើមានតម្រូវការចាំបាច់។

ការសម្រេចចិត្តបែបនេះ នឹងអាស្រ័យលើទំហំ នៃអំពើហឹង្សានៅក្នុងតំបន់។ លោកបន្ថែមថា“ ទម្រង់ប្រដាប់អាវុធ” នៅតំបន់ដុនបាស គឺមានបទពិសោធន៍ ហើយបច្ចុប្បន្ន អាចការពារខ្លួនដោយគ្មានជំនួយ ពីខាងក្រៅបាន។ លោកបានបញ្ជាក់ជាថ្មីថា រុស្ស៊ី មិនចង់រំលោភអធិបតេយ្យភាព របស់អ៊ុយក្រែន ឬរំលោភយកទឹកដី របស់ខ្លួនឡើយ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងថា សហរដ្ឋអាមេរិក គាំទ្រដល់អធិបតេយ្យភាព និងបូរណភាពទឹកដី របស់អ៊ុយក្រែន ដល់សមភាគីអ៊ុយក្រែន របស់លោក គឺលោក Volodymyr Zelensky តាមទូរស័ព្ទ កាលពីថ្ងៃសុក្រ៕ ដោយ៖ឈូក បូរ៉ា

To Top