បរទេស ៖ រដ្ឋមន្រ្តីការពារជាតិ របស់អ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះ បានប្តេជ្ញាធ្វើសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក ស្តីពីបញ្ហាអីរ៉ង់ ដោយបង្ហាញនូវក្តីសង្ឃឹមថា សន្តិសុខអ៊ីស្រាអែល នឹងត្រូវបានការពារ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលបង្កើតថ្មីណាមួយ ជាមួយទីក្រុងវ៉ាស៊ីនតោន ។
ក្រោយធ្វើការទទួលលោករដ្ឋមន្ត្រី ការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin នោះ លោករដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Benny Gantz បានមានប្រសាសន៍យ៉ាងដូច្នេះថា អ៊ីស្រាអែលមើលឃើញ សហរដ្ឋអាមេរិកជាដៃគូទាំងស្រុង នៅទូទាំងបណ្តុំប្រតិបត្តិការ ទាំងអស់ មិនតែបញ្ហាអ៊ីរ៉ង់នោះទេ ។
លោកបានបន្តទៀតថា “ហើយយើងនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសម្ពន្ធមិត្តអាមេរិករបស់យើង ដើម្បីធានាថា កិច្ចព្រមព្រៀងថ្មី ណាមួយជាមួយអ៊ីរ៉ង់ នឹងរក្សាផលប្រយោជន៍សំខាន់ៗ របស់ពិភពលោកនិង សហរដ្ឋអាមេរិក ទប់ស្កាត់ការប្រកួតប្រជែងអាវុធដ៏គ្រោះថ្នាក់នៅក្នុងតំបន់របស់យើង និងការពាររដ្ឋអ៊ីស្រាអែល” ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីការពារជាតិ អាមេរិកនោះ រួមមានទំាងការពិភាក្សាគ្នា ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលមានក្តីព្រួយបារម្ភស្តីពីបំណងប្រាថ្នារបស់រដ្ឋបាលលោក បៃដិន ឲ្យអាមេរិកវិលចូលកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលបានបង្កើតឡើង ជាមួយមហាអំណាចពិភពលោកនានា ៕ ប្រែសម្រួល៖ប៉ាង កុង