Covid-19

ឡាវ សម្រេចបិទ ទីក្រុងវៀងច័ន្ទ ទាំងមូល បន្ទាប់ពីរកឃើញពាណិជ្ជករថៃ ម្នាក់ វិជ្ជមានកូវីដ-១៩ ប្រភេទថ្មី

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឱ្យដឹងថា អភិបាលក្រុងវៀងច័ន្ទ ប្រទេសឡាវ បានសម្រេចចបិទ (Lock down) រដ្ឋធានីវៀងច័ន្ទ ចាប់អនុវត្តពីថ្ងៃទី១៣ ដល់៣០ ខែមេសា ឆ្នាំ២០២១ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី។

យោងតាមសេចក្ដីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ១៩នេះ ជាពាណិជ្ជករថៃ ហើយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុគ្គលនោះបានចេញ-ចូល ទីតាំងជាច្រើនកន្លែងក្នុងរដ្ឋធានីវៀងច័ន្ទ។ អាជ្ញាធរឡាវ កំពុងធ្វើការស្រាវជ្រាវ រកអ្នកពាក់ពន្ធ័ ជាមួយជនជាតិថៃមួយចំនួនទៀត។

ទន្ទឹមជាមួយនឹងការដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក៏បានជូនដំណឹងពីវិធានការមួយចំនួនសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ឬចង់ចេញចូលក្នុងប្រទេសឡាវផងដែរ។

ស្ថានទូតកម្ពុចាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា «ក្នុងឱកាសចូលឆ្នាំនេះ មិនអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលរដ្ឋធានីវៀងច័ន្ទ ទៅដើរកំសាន្តតាមបណ្តាខេត្តផ្សេងៗ លើកលែងតែអ្នកជំងឺ និងការដឹកជញ្ជូនទំនិញ»។

អាជ្ញាធរឡាវ ក៏បានផ្អាកធ្វើអាជីវកម្មជាបណ្តោះអាសន្ន, ហាមជួបជុំគ្នា និងធ្វើទំនាក់ទំនងប្រមូលផ្តុំគ្នាកុះករ ត្រូវអនុវត្តគម្លាតសង្គម ហើយបើពុំមានការចាំបាច់ សូមកុំធ្វើដំណើរចេញក្រៅផ្ទះនៅក្នុងឱកាសចូលឆ្នាំថ្មី៕

To Top