បរទេស ៖ នៅថ្ងៃអង្គារនេះ ប្រទេសចិននិងកូរ៉េខាងត្បូង បានបង្ហាញនូវការប្រឆាំង ដាច់ខាត ចំពោះការសម្រេចចិត្ត របស់ជប៉ុន បង្ហូរទឹកសំណល់វិទ្យុសកម្ម ដែលសម្លាប់មេរោគរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែ Fukushima Daiichi ចូលសមុទ្រ ហើយទីក្រុងប៉េកាំងហៅ ការសម្រេចចិត្តនោះថា ជាទង្វើគ្មានទំនួល ខុសត្រូវបំផុត ។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានកោះអញ្ជើញ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកូរ៉េខាងត្បូង លោក Koichi Aiboshi និងបានធ្វើការតវ៉ា ក្រោយលោក Koo Yun Cheol រដ្ឋមន្ត្រីសម្របសម្រួល គោលនយោបាយរដ្ឋាភិបាល បាននិយាយថា ទីក្រុងសេអ៊ូលជំទាស់ដាច់ខាត ចំពោះការសម្រេចចិត្តរបស់ជប៉ុននោះ ។
ប្រតិកម្មដ៏ខ្លាំងក្លាពីប្រទេសជិតខាង ខ្លះរបស់ជប៉ុននេះ បានកើតមានក្រោយការសម្រេចចិត្ត ធ្វើឡើងដោយរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga នៅព្រឹកថ្ងៃនេះ ចាប់ផ្តើមដំណើរការបង្ហូរ ទឹកសំណល់ ដែលសម្លាប់មេរោគរួច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងរយៈពេលប្រហែល ពីរឆ្នាំខាងមុខ ។
គួរបញ្ជាក់ថា ការសម្រេចចិត្តបង្ហូរទឹកសំណល់នេះ គឺត្រូវបានធ្វើឡើង ក្រោយការពិភាក្សាគ្នា អស់រយៈពេលជាច្រើនឆ្នាំ ស្តីពីវិធីបង្ហូរទឹកដែលប្រើរួច នៅចក្រនុយក្លេអ៊ែមួយកន្លែង ស្ថិតនៅក្នុងប្រទេសជប៉ុន ភាគពាយព្យ ដែលធ្លាប់រងការបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិក នៅក្នុងឆ្នាំ២០១១ ៕
ប្រែសម្រួល៖ប៉ាង កុង