ព័ត៌មានអន្តរជាតិ

អាមេរិក និយាយថា នឹងដកយោធារបស់ខ្លួន ពីអាហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ខែកញ្ញា

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់ថា នឹងត្រៀម ខ្លួនរួចជាស្រេច ហើយក្នុង ការប្រកាសថា អាមេរិក នឹងធ្វើការដកទ័ពទាំងអស់ របស់ខ្លួនចេញពីប្រទេសអាហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ខែកញ្ញាខាងមុខនេះ ។

ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយមន្ត្រីរបស់រដ្ឋាភិបាល អាមេរិក បានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្ត របស់ខ្លួនមានភាពយឺតយ៉ាវ ជាងការកំណត់ទុកពី លើកមុន ដែល មានត្រឹមតែខែឧសភា ដែលធ្លាប់ធ្វើជាមួយនឹងក្រុមតាលីបង់ ដោយរដ្ឋាភិបាល របស់លោកប្រធានាធិបតីអាណិត្តមុន Donald Trump ។

គួរឲ្យដឹងដែរថា កាលកំណត់ថ្មីលើកនេះ គឺត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំថ្ងៃ ខួបលើកទី២០ នៃព្រឹត្តិការណ៍វាយប្រហារ មកលើអគារពាណិជ្ជកម្ម របស់អាមេរិក និង មន្ទីរប៉ង់តាហ្គោន កាលពីឆ្នាំ២០០១នោះផងដែរ ។

លោកប្រធានាធិបតីអាមេរិក Joe Biden ធ្លាប់បានកន្លងមកនិយាយថា កាលកំណត់ត្រឹមថ្ងៃទី១ ខែឧសភា ហាក់ដូចជាប្រញាប់ប្រញ៉ាល់បន្តិច ហើយចំពោះអាមេរិក ខណៈដែរការប្តេជ្ញា ចិត្តរបស់ក្រុម តាលីបង់ ចំពោះអាមេរិកនិងអង្គការណាតូ ក៏មិនសូវជាមានប្រសិទ្ធភាពខ្លាំង ពេកដូចគ្នានោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top