បាងកក៖ ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ បានកត់ត្រាការឆ្លង ជំងឺកូវីដ-១៩ទម្រង់ថ្មីចំនួន ១៩៥៤៣ករណី ដែលជាចំនួនខ្ពស់បំផុត សម្រាប់ថ្ងៃទីពីរជាប់គ្នា និងធ្វើឲ្យចំនួនអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់ ៣៧,៤៥៣ នាក់។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ក្នុងចំនោមករណីថ្មីចំនួន ១,៥៤០ នាក់ គឺជាករណីឆ្លងក្នុងតំបន់ និង ៣ ករណីទៀតជាករណីនាំចូល នេះបើយោងតាមមជ្ឈមណ្ឌល សម្រាប់រដ្ឋបាលស្ថានការណ៍ជំងឺកូវីដ-១៩។
ប្រភពខាងលើបានឲ្យដឹងថា ករណីដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះចុងក្រោយបង្អស់បានរាលដាលដល់ ៧៥ លើ ៧៧ ខេត្ត ដែលភាគច្រើនដោយសារតែការរីករាលដាលយ៉ាងលឿននៃជំងឺកូវីដ-១៩ទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថារដ្ឋាភិបាលទំនងជានឹងដាក់ការរឹតបន្តឹងតឹងរឹងនៅក្នុងទីក្រុងបាងកក និងតំបន់ដែលមានហានិភ័យខ្ពស់ដទៃទៀត ដើម្បីបញ្ឈប់ការកើនឡើងនូវករណីឆ្លងវីរុសនេះ បន្ទាប់ពីថ្ងៃឈប់សម្រាកសង្ក្រានឆ្នាំថ្មី។
គួរបញ្ជាក់ថា នៅក្នុងប្រទេសសព្វថ្ងៃនេះ មិនមានសេចក្តីរាយការណ៍ពីការស្លាប់បន្ថែមទៀតនោះទេកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយមានចំនួនអ្នកស្លាប់សរុបត្រឹម ៩៧ នាក់៕