ព័ត៌មានអន្តរជាតិ

អាមេរិក ៖ កងកម្លាំងណាតូ នឹងចាកចេញពី អាហ្វហ្គានីស្ថាន រួមគ្នា

បរទេស ៖ កងទ័ពបរទេសក្រោមបញ្ជាការ អង្គការណាតូ នឹងដកចេញពីប្រទេស អាហ្វហ្គានីស្ថាន រួមជាមួយការ ដកទ័ពអាមេរិក នៅត្រឹមថ្ងៃទី១១ ខែកញ្ញា នេះបើតាមសម្តីរដ្ឋមន្ត្រី ការបរទេសអាមេរិក និយាយ នៅថ្ងៃពុធនេះ ក្រោយអាល្លឺម៉ង់និយាយថា វាត្រូវគ្នានឹងផែនការ អាមេរិក ក្នុងការចាកចេញក្រោយ សង្គ្រាមអស់ពេល២ទសវត្ស ។

គួរបញ្ជាក់ថា កងកម្លាំង មិនមែនអាមេរិកប្រមាណ ៧.០០០នាក់ មកពីប្រទេសសមាជិក ណាតូភាគច្រើន និងមកពីអូស្ត្រាលី នូវេលសេឡង់ និងហ្សកហ្ស៊ី មានចំនួនលើសកងទ័ព អាមេរិក២៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែនៅតែពឹងផ្អែក លើការគាំទ្រដែនអាកាស ពីអាមេរិក ការរៀបផែនការ និងដឹកនាំបេសកកម្ម ហាត់សមរបស់ពួកគេ ។

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ ក្នុងទីក្រុងព្រួចសែលថា វាជាពេលដែលសម្ពន្ធមិត្តណាតូ ត្រូវធ្វើឲ្យបានល្អលើទស្សនៈ របស់ពួកគេ ដែលថា សម្ពន្ធមិត្តចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន ទំាងអស់គ្នា និងចាកចេញវិញទាំងអស់គ្នា ។

ក្នុងសេចក្តីថ្លែងការណ៍មួយ នៅទីស្នាក់ការកណ្ដាល របស់ណាតូ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំនៅទីនេះ ដើម្បីធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសម្ពន្ធមិត្តរបស់យើង ជាំមួយអគ្គលេខាធិការ (ណាតូ) ស្តីពីគោលការណ៍ ដែលយើងបានបង្កើតឡើង ពីពេលចាប់ផ្តើមថា ចូលរួមគ្នា សម្របខ្លួនរួមគ្នា និងចាកចេញទាំងអស់គ្នា”៕
ប្រែសម្រួល៖ប៉ាង កុង

To Top