ព័ត៌មានអន្តរជាតិ

UNESCO៖ អ្នកសារព័ត៌មាន ៧១នាក់ ត្រូវបានចាប់ខ្លួន នៅមីយ៉ាន់ម៉ា តាំងពីរដ្ឋប្រហារយោធាកើតឡើង

បរទេស៖ អ្នកនាំពាក្យ អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់អ្នកកាសែត ៧១ នាក់ត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធា នៅក្នុងខែកុម្ភៈ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក Dujarric ថា “ ពីប្រទេសមីយ៉ាន់ម៉ាសហសេវិក របស់យើងនៅអង្គការ UNESCO បាននិយាយថា អ្នកកាសែត ៧១ នាក់ត្រូវបានចាប់ខ្លួន ហើយជាងពាក់កណ្តាល នៃអ្នកដែលចាប់ខ្លួនទាំងនោះ នៅតែត្រូវបានឃុំខ្លួន ចាប់តាំងពីដើមខែកុម្ភៈ” ។

លោកបន្តថា មនុស្សប្រមាណ ២៤ នាក់ត្រូវបានចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា“ ក្រុមរបស់យើង នៅមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពរបស់អ្នកកាសែត ក៏ដូចជាប្រជាជន រាប់ពាន់នាក់ ដែលត្រូវបានចាប់ខ្លួន តាមអំពើចិត្តដោយមានមនុស្ស ជាច្រើនបានបាត់ខ្លួន ដោយបង្ខំ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top