ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក ​និងកូរ៉េខាងត្បូង​នឹងធ្វើជំនួបកំពូល​ ក្នុងទីក្រុងវ៉ាស៊ីនតោន

បរទេស៖​ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងជួបគ្នាផ្ទាល់ជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាខែក្រោយនេះ នេះបើតាមការបញ្ជាក់ពីសេតវិមាន​និងវិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូ។

លេខាធិការព័ត៌មានសេតវិមាន លោកស្រី Jen Psaki តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់​នៅក្នុងសន្និសីទកាសែតមួយ​នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា “លោកប្រធានាធិបតី បៃដិន រង់ចាំធ្វើការស្វាគមន៍លោកប្រធនាធិបតី មូន របស់សាធារណរដ្ឋកូរ៉េ នៅសេតវិមាន នាពាក់កណ្ដាលទីពីរនៃខែឧសភា”។

ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែមេសា ឆ្នំា២០២១ បានឲ្យដឹងថា លោកស្រី Jen Psaki បានមានប្រសាសន៍ប្រាប់បន្តថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះ មិនទាន់ធ្វើការសម្រេចជាចុងក្រោយ​នៅឡើយនោះទេ។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា “ជំនួបកំពូលនោះនឹងគូសបង្ហាញសម្ពន្ធភាព​ដ៏រឹងមាំដូចដែករវាងអាមេរិក​និងកូរ៉េខាងត្បូង ព្រមចំណងទាក់ទងគ្នា​និងមិត្តភាពដ៏យូរអង្វែង​រវាងប្រជាជនរបស់ប្រទេសទាំងពីរ”​​៕

ប្រែសម្រួល៖​ប៉ាង កុង

To Top