ព័ត៌មានអន្តរជាតិ

ចិន ប្រកាសជំទាស់ដាច់ខាត រាល់ទំនាក់ទំនង ផ្លូវការណាមួយ រវាងអាមេរិក-តៃវ៉ាន់

ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិនបានធ្វើជាតំណាង យ៉ាងឱឡារិក ជាមួយសហរដ្ឋអាមេរិក ជុំវិញរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលបានបញ្ជូនគណៈប្រតិភូ ទៅកាន់តំបន់នោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលធ្វើការអត្ថាធិប្បាយលើប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលបានបញ្ជូនគណៈប្រតិភូអតីតមន្រ្តីសហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅកោះនេះចាប់ពីថ្ងៃពុធនេះ ដល់ថ្ងៃសុក្រ។

ដោយអះអាងជាថ្មីពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន ចំពោះទម្រង់ណាមួយនៃទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ជំហរនេះគឺមានភាពទៀងទាត់ និងច្បាស់លាស់។

លោកបញ្ជាក់ថា “យើងទទូចឱ្យភាគីអាមេរិក គោរពគោលការណ៍ ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន – អាមេរិក ទាំង ៣ យ៉ាងតឹងរ៉ឹងបញ្ឈប់រាល់ទម្រង់ នៃទំនាក់ទំនងផ្លូវការ ណាមួយរវាង សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយប្រយ័ត្នប្រយែង និងចៀសវាងបញ្ជូន សញ្ញាខុសណាមួយ ចំពោះកងកម្លាំង បំបែកខ្លួនឯករាជ្យ របស់តៃវ៉ាន់ ដើម្បីចៀសវាងការបំផ្លាញ ថែមទៀតដល់ទំនាក់ទំនងចិន – អាមេរិក និងសន្តិភាព និងស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់”៕

ដោយ ឈូក បូរ៉ា

To Top