បរទេស៖ មន្ត្រីនំាពាក្យក្រសួងការបរទេសថៃមួយរូប បាននិយាយនៅថ្ងៃសៅរ៍នេះថា មេដឹកនាំរបបយោធាមីយ៉ានម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសានេះ ក្នុងដំណើរទស្សនកិច្ចបរទេសជាលើកដំបូង គិតចាប់តាំងពីលោកធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក។
ប្រទេសមីយ៉ានម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ចាប់តាំងពីលោក Min Aung Hlaing បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី ហើយយោងតាមក្រុមសកម្មជន កងកម្លាំងសន្តិសុខមីយ៉ានម៉ា បានសម្លាប់មនុស្សសរុបចំនួន៧២៨នាក់ហើយ ក្នុងការប៉ុនប៉ងបំបាត់ការតវ៉ា។
មន្ត្រីនាំពាក្យថៃ លោក Tanee Sangrat បានមានប្រសាសន៍ថា មេដឹកនាំមួយចំនួននៃប្រទេសសមាជិកទាំង១០របស់សមាគមអាស៊ាន ដែលរួមទាំងលោកឧត្តមសេនីយ Min Aung Hlaing ផងនោះ បានធ្វើការបញ្ជាក់ពីការចូលរួមរបស់ពួកគេ ក្នុងកិច្ចប្រជុំនៅក្នុងរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូនេស៊ី។
ប៉ុន្តែនៅពេលនេះ មន្ត្រីនាំពាក្យឲ្យរដ្ឋាភិបាលយោធាមីយ៉ានម៉ា មិនបានលើកទូរស័ព្ទដែលព្យាយាមសុំការអត្ថាធិប្បាយអំពីរឿងនេះនៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង