ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងបន្តត្រួតពិនិត្យ មើលឡើងវិញនូវការចាក់ ថ្នាំវ៉ាក់សាំង

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី លោក Greg Hunt បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា ប្រទេសអូស្ត្រាលី នឹងបន្តធ្វើការត្រួតពិនិត្យឡើងវិញ លើថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ក្រោយការស្លាប់របស់ស្ត្រីវ័យ៤៨ឆ្នាំមួយរូប ហាក់ជាប់ពាក់ព័ន្ធនឹងការចាក់ថ្នាំវ៉ាក់សាំង។

កាលពីថ្ងៃសុក្រ ប្រទេសអូស្ត្រាលីបានរាយការណ៍ នូវការស្លាប់ដំបូងរបស់អ្នកបានចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ AstraZeneca បណ្ដាលមកពីការកកឈាម ហើយនេះគឺជាករណីទី៣នៃការកកឈាមដ៏កម្រមាន ដែលកើតមានចំពោះមនុស្សបានទទួលថ្នាំវ៉ាក់សាំង នៅក្នុងប្រទេសអូស្ត្រាលី។

នៅក្នុងសន្និសីទកាសែតផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ លោក Greg Hunt បានមានប្រសាសន៍ថា “រដ្ឋាភិបាល នឹងស្នើសុំឲ្យក្រុម ATAGI (ក្រុមប្រឹក្សាបច្ចេកទេសផ្នែកចាក់ថ្នាំវ៉ាក់សាំងអូស្ត្រាលី) ធ្វើឲ្យប្រាកដនូវការត្រួតពិនិត្យកំពុងបន្ត លើថ្នាំវ៉ាក់សាំងទាំងអស់ ទាក់ទងបញ្ហាសុវត្ថិភាពនិងប្រសិទ្ធភាព”។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសជោគជ័យបំផុត ក្នុងការទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ តាមរយៈការដាក់បម្រាមគោចរ ការបិទព្រំដែន និងការតាមដានរហ័សទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា ដោយមានករណីឆ្លងក្រោម២៩.៥០០ករណី និងការស្លាប់ពីជម្ងឺកូវីដ១៩ចំនួន៩១០នាក់៕

ប្រែសម្រួល៖ប៉ាង កុង

To Top