ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា នៅតែបើកកិច្ចប្រជុំបោះឆ្នោត បក្សខ្លួន ទោះបីឥណ្ឌា រកឃើញអ្នកឆ្លង កូវីដ១៩រហូតដល់ ២៣៤ ០០០ នាក់ កាលពីថ្ងៃសៅរ៍ ក៏ដោយ

បរទេស៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននឹងកំពុងប្រឈមនឹងប្រតិកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ចំពោះការប្រជុំបោះឆ្នោតនៅក្នុងរដ្ឋ West Bengal ខណៈដែលប្រទេសអាស៊ីខាងត្បូងមួយនេះ បានឃើញការកើនឡើងនូវការឆ្លងមេរោគកូវីដ១៩យ៉ាងច្រើន កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសឥណ្ឌាដែលក្នុងខែនេះបានវ៉ាដាច់ប្រទេសប្រេស៊ីល ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេទី ២ ក្នុងកំឡុងពេលមានជំងឺរាតត្បាត ។ កាលពីថ្ងៃសៅរ៍ របាយការណ៍នៃការឆ្លងមេរោគកូវីដ១៩មានរហូតដល់ចំនួន ២៣៤.០០០ នាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីករណីឆ្លងដំបូងត្រូវបានគេរាយការណ៍នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ ។ អ្នកស្លាប់ថ្មីជាង ១ ៣០០ នាក់ត្រូវបានកត់ត្រាក្នុងថ្ងៃតែមួយ ដែលចំនួនអ្នកស្លាប់សរុបនៅប្រទេសនេះដល់ទៅជាង ១៧៥ ០០០ នាក់។

នាយករដ្ឋមន្រ្តីលោក Modi បានអួតថា លោកមិនដែលឃើញមនុស្សច្រើននៅឯការប្រជុំបោះឆ្នោតបែបនេះទេ ខណៈពេលថ្លែងនៅកន្លែងប្រមូលផ្តុំ Asansol ហើយវាមិនបានធ្លាក់ចុះនោះទេជាមួយមនុស្សជាច្រើនបែបនេះ ខណៈដែលពួកគេកាន់តំណែងជានាយករដ្ឋមន្រ្តី ហើយលោកក៏បានបដិសេធ ផ្អាកយុទ្ធនាការរបស់គណបក្ស Bharatiya Janata (BJP) ដែលកំពុងកាន់អំណាច ទោះបីមានការអំពាវនាវពីសំណាក់គណបក្សប្រឆាំងក៏ដោយ។

ក្រៅពីលោកនាយករដ្ឋមន្រ្តី Modi ថ្លែងទៅកាន់ការប្រជុំបោះឆ្នោតចំនួនពីរនៅរដ្ឋនេះកាលពីថ្ងៃសៅរ៍ ក៏មានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Amit Shah ដែលជាអ្នកឃោសនាសម្រាប់គណបក្ស BJP បានថ្លែងទៅកាន់ការប្រមូលផ្តុំផ្សេងទៀតបោះឆ្នោត និងបានរៀបចំបង្ហាញផ្លូវនៅកន្លែងចំនួនបីផ្សេងគ្នានៅរដ្ឋភាគខាងកើតផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top