ព័ត៌មានអន្តរជាតិ

រុស្ស៊ីបង្កើនវត្តមាន នាវាចម្បាំង នៅសមុទ្រខ្មៅ ស្របពេលភាពតានតឹង នៅអ៊ុយក្រែនកើនឡើង

បរទេស៖ នាវាចម្បាំងរុស្ស៊ីពីគ្រឿង នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរឆ្លងកាត់ តាមសមុទ្រ Bosphorus ឆ្ពោះទៅកាន់សមុទ្រខ្មៅ ហើយនាវា១៥គ្រឿងផ្សេងទៀត ត្រូវបានបញ្ជូនទៅរួចរាល់ ស្របពេល ដែលទីក្រុងមូស្គូ បង្កើនវត្តមានទ័ពជើងទឹកខ្លួន ក្នុងខណៈទំនាក់ទំនង មានភាពតានតឹង ជាមួយលោកខាងលិច និងអ៊ុយក្រែន។

ការបន្ថែមកម្លាំងទ័ពជើងទឹកនេះ គឺធ្វើឡើងជាមួយ ការបង្កើនកងទ័ពកាន់តែច្រើនមួយ នៅជិតប្រទេសអ៊ុយក្រែន ជារឿងដែលទីក្រុងមូស្គូ ហៅថាជាសមយុទ្ធការពារ បណ្ដោះអាសន្ន ហើយការពង្រឹង បង្កើនកម្លាំងទ័ពនេះ គឺធ្វើឡើងក្រោយ មានការប្រយុទ្ធគ្នា កើនឡើង ក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត រវាងពួកបះបោរគាំទ្ររុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាល អ៊ុយក្រែន។

ក្រៅពីនេះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ក៏បានធ្វើការរឹតបន្តឹង ជាបណ្ដោះអាសន្ន លើការធ្វើដំណើរនាវាចម្បាំង បរទេស នៅជិតតំបន់គ្រីមា ដែលរុស្ស៊ីបានយកពីអ៊ុយក្រែន និងដាក់ចូលជាឧបសម្ព័ន្ធ របស់ខ្លួន នៅក្នុងឆ្នាំ២០១៤ ហើយទង្វើបែបនេះរបស់រុស្ស៊ី ត្រូវបានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ ធ្វើការថ្កោលទោស។

តាមសេចក្តីរាយការណ៍ នាវារុស្ស៊ីពីរគ្រឿង មកពីកងនាវាភាគខាងជើងរបស់រុស្ស៊ី មានសមត្ថភាពផ្ទុករថក្រោះ និងដឹកជញ្ជូនរថយន្តពាសដែននិងកងទ័ព នៅក្នុងអំឡុងធ្វើការប្រយុទ្ធតាមតំបន់ឆ្នេរនោះ បានធ្វើដំណើរឆ្លងកាត់តាមសមុទ្រ Bosphorus នៅថ្ងៃសៅរ៍នេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top