ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន បញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន និងធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងទទូចដល់សហរដ្ឋអាមេរិក និងជប៉ុន ឱ្យយកចិត្តទុកដាក់ ចំពោះប្រទេសចិន យ៉ាងម៉ឺងម៉ាត់ គោរពតាមគោលការណ៍ ចិនតែមួយ និងបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ចិន និងធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍ចិន។ ប្រទេសចិននឹងចាត់វិធានការ ចាំបាច់ ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ អភិវឌ្ឍន៍របស់ខ្លួន” ។
អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើឱ្យ ធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍រួម របស់មេដឹកនាំ សហរដ្ឋអាមេរិក – ជប៉ុន ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ ដោយបង្ហាញការព្រួយបារម្ភ លើបញ្ហាដែលទាក់ទង នឹងកោះតៃវ៉ាន់ កោះតាវយូ ហុងកុង ស៊ីនជាំង និងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យរូបនេះបានបន្ដថា កោះតៃវ៉ាន់ និងកោះតាវយូ គឺសុទ្ធតែជាទឹកដីរបស់ចិន ដោយបន្ថែមថា បញ្ហាដែលទាក់ទងនឹងហុងកុង និងស៊ីនជាំង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយចិនមានអធិបតេយ្យភាព ដែលមិនអាចប្រកែក បានលើកោះនៅសមុទ្រចិនខាងត្បូង និងដែនទឹកនៅជុំវិញនោះ។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំ សហរដ្ឋអាមេរិក – ជប៉ុន បានជ្រៀតជ្រែក យ៉ាងខ្លាំង ក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងរំលោភយ៉ាងធ្ងន់ធ្ងរ នូវបទដ្ឋានជាមូលដ្ឋាន ក្នុងការគ្រប់គ្រងទំនាក់ទំនង អន្តរជាតិ៕
ដោយ ឈូក បូរ៉ា