វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិន បានឲ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ចាត់វិធានការ ពង្រឹងដើម្បីអនុវត្តកិច្ចព្រមព្រៀង អាកាសធាតុទីក្រុងប៉ារីស បន្ទាប់ពីកិច្ចពិភាក្សា រវាងប្រេសិតអាកាសធាតុ របស់ប្រទេសទាំងពីរ បានបញ្ចៀសជម្លោះ របស់ពួកគេ ស្តីពីសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀត។
សេចក្តីថ្លែងការណ៍រួម ដែលចេញដោយ ប្រេសិតអាកាសធាតុលោក John Kerry និងសមភាគីចិនលោក Xie Zhenhua ដែលបានជួបនៅក្រុងសៀងហៃ រយៈពេល ២ ថ្ងៃបានលើកឡើងថា សហរដ្ឋអាមេរិក និងចិន ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការរួមគ្នា និងជាមួយភាគីដទៃទៀត ដើម្បីពង្រឹង ការអនុវត្តកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។
អ្នកទាំងពីរ ក៏បានឲ្យដឹងផងដែរថា ប្រទេសទាំងពីរ“ ទន្ទឹងរង់ចាំ” ចំពោះកិច្ចប្រជុំកំពូល អាកាសធាតុជាក់ស្តែង ដែលនឹងត្រូវរៀបចំឡើង ដោយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ សប្តាហ៍ក្រោយ។ ដោយក្នុងនោះលោក បៃដិន បានអញ្ជើញប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក្នុងចំណោមមេដឹកនាំ ដទៃទៀតចូលរួម ក្នុងកិច្ចប្រជុំនេះ។
រដ្ឋបាលលោក បៃដិន បានបង្ហាញពីបំណង ចង់ធ្វើការជាមួយប្រទេសចិន ដែលជាអ្នកបំភាយ កាបូន ធំជាងគេបំផុត ក្នុងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងកំដៅផែនដី ទោះបីជាខ្លួន បានវាយប្រហារទៅលើ ទីក្រុងប៉េកាំង ជុំវិញការរំលោភសិទ្ធិមនុស្សរ បស់ជនជាតិ ភាគតិច អ៊ុយហ្គ័រ នៅតំបន់ស៊ីនជាំង របស់ប្រទេសចិន ក៏ដូចជាការអះអាងរបស់ខ្លួន និងសកម្មភាពឆ្ពោះទៅតៃវ៉ាន់ និងអ្នកដទៃក៏ដោយ។
អតីតរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក John Kerry ក្រោមអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា បានក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងគេ ក្រោមរដ្ឋបាលលោក បៃដិន ដែលធ្វើទស្សនកិច្ច នៅប្រទេសចិន។
នៅក្នុងសេចក្តីថ្លែងការណ៍ រួមប្រទេសទាំងពីរ បានទទួលស្គាល់ថា វិបត្តិអាកាសធាតុ គឺជាបញ្ហាមួយដែល“ ត្រូវតែដោះស្រាយ ជាមួយនឹងភាពធ្ងន់ធ្ងរ និងភាពបន្ទាន់ ដែលខ្លួនទាមទារ”៕
ដោយ ឈូក បូរ៉ា