ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​តែងតែស្វាគមន៍​ កិច្ចពិភាក្សាជាមួយ​ទីក្រុងរីយ៉ាដ

បរទេស៖​មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ទីក្រុងតេអេរ៉ង់តែងតែស្វាគមន៍ជានិច្ច ចំពោះកិច្ចពិភាក្សាគ្នាជាមួយ​ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានបញ្ជាក់​ឬក៏បដិសេធនូវកិច្ចពិភាក្សាគ្នា​ផ្ទាល់នៅក្នុងខែនេះ រវាងប្រទេសជាគូសត្រូវទាំងពីរនេះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសទាំងពីរ បានរឹតបន្តឹងចំណងមិត្តភាពការទូត នៅក្នុងឆ្នាំ២០១៦ និងបានចូលពាក់ព័ន្ធ​ក្នុងសង្គ្រាមមួយចំនួនក្នុងតំបន់ ស្របពេលដែលពួកគេប្រជែងស្វែងរកឥទ្ធិពល។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប និងប្រភពក្នុងតំបន់ចំនួនពីរ បាននិយាយប្រាប់សារព័ត៌មានថា មន្ត្រីអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នានៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនធ្វើការដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ជាមួយទីក្រុងតេអេរ៉ង់ និងបញ្ចប់សង្គ្រាមយេម៉ែន។

មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយប្រាប់សន្និសីទកាសែត​ប្រចាំសប្ដាហ៍មួយថា “យើងបានមើលឃើញសេចក្តីរាយការណ៍​ពីប្រព័ន្ធផ្សព្វផ្សាយ ស្តីពីកិច្ចពិភាក្សាគ្នារវាងអ៊ីរ៉ង់​និងអារ៉ាប៊ីសាអូឌីត ប៉ុន្តែសេចក្តីរាយការណ៍ ជួនកាលមានការដកស្រង់សម្តីផ្ទុយគ្នា”។

លោកបន្ថែមទៀតថា “អ្វីដែលសំខាន់នោះ គឺថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ តែងតែស្វាគមន៍កិច្ចពិភាក្សាគ្នា ជាមួយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត​និងចាត់ទុកវាស្ថិតក្នុងផលប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាសន្តិភាព​និងស្ថិរភាពនៅក្នុងតំបន់ផងដែរ”​៕

ប្រែសម្រួល៖​ប៉ាង កុង

To Top