ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងក្រុមហ៊ុនចិន ព្រមព្រៀងគ្នា​ផលិត វ៉ាក់សំាង កូវីដ១៩ Sputnik V នៅចិន (Video)

បរទេស ៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានព្រមព្រៀងគ្នា ជាមួយ ក្រុមហ៊ុនចិន Hualan Biological Bacterin ធ្វើការផលិតថ្នាំវ៉ាក់សាំង កូវីដ១៩ Sputnik V ជាង១០០លានដូស នៅក្នុងប្រទេសចិន ។

តាមការចេញផ្សាយ មួយរបស់ទីភ្នាក់ងសារព័ត៌មាន The Straits Times នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បានប្រាប់ថា ភាគីទាំងពីរបានប្តេជ្ញា ចំពោះភាពជាដៃគូរយៈពេលវែង ក្នុងការផលិតថ្នាំវ៉ាក់សាំងនោះ ។

លោក Kirill Dmitriev ជានាយប្រតិបត្តិ របស់មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បានមានប្រសាសន៍ដូច្នេះថា “កិច្ចព្រមព្រមសហការគ្នា ជាមួយក្រុមហ៊ុន Hualan Biological Bacterin ដែលជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំង នាំមុខរបស់ប្រទេសចិននោះ នឹងជួយបង្កើនសមត្ថភាព ផលិតថ្នាំវ៉ាក់សាំង Sputnik V កាន់តែខ្លាំងឡើង ។ ប្រទេសចិន គឺជាប្រទេសមួយ ក្នុងចំណោមដៃ គូសំខាន់ ក្នុងការផលិតថ្នាំ វ៉ាក់សាំងរុស្ស៊ី ដែលបានប្រើប្រាស់ហើយ ក្នុងគ្រប់ផ្នែក នៃពិភពលោក ដើម្បីការពារិសុខភាព មនុស្ស ព្រោះថ្នាំវ៉ាក់សាំង Sputnik V ត្រូវបានបញ្ជាក់ថា មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់” ។

គួរបញ្ជាក់ថា មកទល់ក្នុងពេលបច្ចុប្បន្ននេះ ថ្នាំវ៉ាក់សាំងកូវីដ១៩រុស្ស៊ី Sputnik V បានចុះបញ្ជីក្នុងប្រទេស ចំនួន៦០នៅលើពិភពលោក ដែលមានប្រជាជន សរុបចំនួន៣ពាន់លាននាក់ ហើយថ្នាំវ៉ាក់សាំង Sputnik V នេះ មានប្រសិទ្ធភាព៩១,៦ភាគរយ ដែលបញ្ជាក់ ដោយទិន្នន័យបោះពុម្ពផ្សាយក្នុងកាសែត Lancet ជាកាសែតមួយក្នុងចំណោមកាសែត វេជ្ជសាស្ត្រដ៏ចំណាស់ និងត្រូវគេគោរពបំផុតលើពិភពលោក ៕
ប្រែសម្រួល៖ប៉ាង កុង

To Top