ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន៖ កិច្ចសហប្រតិបត្ដិការចិន -អាមេរិក មានសារៈសំខាន់ណាស់ ដោយរំពឹងថា​ នឹងគ្មានការបំភាយឧស្ម័ន​នៅ ពាក់កណ្តាលសតវត្សរ៍

យូអិន៖ អគ្គលេខាធិការអង្គការ​សហប្រជាជាតិលោក Antonio Guterres បានលើកឡើងថា​កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក​គឺមានសារៈសំខាន់ហើយ​បានសម្តែងក្តីសង្ឃឹមថាប្រទេសធំៗ នឹងប្តេជ្ញាបញ្ចេញឧស្ម័នផ្ទះកញ្ចក់​ក្នុងកម្រិតសូន្យនៅពាក់កណ្តាលសតវត្សរ៍នេះ។

អគ្គលេខាធិការរូបនេះ​បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយ ដើម្បីដាក់ចេញនូវរបាយការណ៍ ស្តីពីស្ថានភាពអាកាសធាតុសកលឆ្នាំ២០២០ ថា​“កិច្ចសហប្រតិបត្តិការចិន – អាមេរិក មានសារៈសំខាន់ណាស់ វាមានសារៈសំខាន់ សម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ វានៅតែមានសារៈសំខាន់នៅថ្ងៃនេះ រួមជាមួយដៃគូសំខាន់ៗដទៃទៀត” ។

ឆ្លើយតបទៅនឹងសំនួរទាក់ទង​នឹងសេចក្តីថ្លែងការណ៍រួម​ដែលចេញកាលពីថ្ងៃអាទិត្យ ដោយប្រទេសចិន និងសហរដ្ឋអាមេរិក ស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងសៀងហៃ។

សេចក្តីថ្លែងការណ៍នេះត្រូវបាន​ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងលោក Xie Zhenhua ប្រេសិតពិសេសរបស់ចិន ទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុ​និងប្រេសិតពិសេសប្រធានាធិបតី​ទទួលបន្ទុកអាកាសធាតុលោក John Kerry ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ នៅទីក្រុងសៀងហៃ ប្រទេសចិន។

ឆ្លើយតបទៅនឹងសំណួរអំពី​ការរំពឹងទុករបស់លោក សម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុ​ជាក់ស្តែងនាសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ​បានលើកឡើងថា​“ក្តីសង្ឃឹមរបស់ខ្ញុំ គឺថានៅក្នុងកិច្ចប្រជុំកំពូលនៅសប្តាហ៍នេះ ប្រទេសមួយចំនួន ដែលជាប្រទេសសំខាន់បំផុត​ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនឹងអាចប្តេជ្ញាថា​នឹងបំភាយឧស្ម័នផ្ទះកញ្ចក់​ក្នុងកម្រិតសូន្យនៅពាក់កណ្តាលសតវត្សរ៍ ហើយប្តេជ្ញាកាត់បន្ថយការបំភាយយ៉ាងខ្លាំង សម្រាប់ទសវត្ស បន្ទាប់ក្នុងបរិបទនៃ​ការពិនិត្យឡើងវិញនៃវិភាគទាន ដែលបានកំណត់ថ្នាក់ជាតិ ហើយនេះពិតជាសំខាន់ណាស់​នៅក្នុងកិច្ចប្រជុំកំពូលនេះ​៕

ដោយ ឈូក បូរ៉ា

To Top