គៀវ ៖ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការពង្រីកបេសកកម្ម បណ្តុះបណ្តាល Orbital និងធ្វើការពង្រឹងកងទ័ពជើងទឹកអ៊ុយក្រែន។
កិច្ចព្រមព្រៀងនេះត្រូវបានឈាន ដល់ក្នុងដំណើរទស្សនកិច្ច របស់អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន Ruslan Khomchak ទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃទី១៩-២០ ខែមេសា និងជួបជាមួយប្រធាន អគ្គសេនាធិការអង់គ្លេស លោកឧត្តមសេនីយ៍ Sir Carter ។
លោក Khomchak បានថ្លែងអំណរគុណដល់ភាគីអង់គ្លេស ដែលបានជួយក្នុងការបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងភាពស្របគ្នារបស់ ពួកគេជាមួយកងទ័ពណាតូ។
លោក Carter បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធអង់គ្លេស បានបណ្តុះបណ្តាលទាហាន អ៊ុយក្រែនជាង ២ ម៉ឺននាក់ ដែលជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ លោកក៏បានឲ្យដឹងផងដែរថា ភាគីអង់គ្លេស ដឹកនាំគំនិតផ្តួចផ្តើម ដើម្បីបណ្តុះបណ្តាលកងទ័ពជើងទឹក អ៊ុយក្រែន និងគាំទ្រកំណែទម្រង់វិស័យការពារជាតិ នៅអ៊ុយក្រែន។
Operation Orbital ដែលដឹកនាំដោយចក្រភពអង់គ្លេស ដែលជាកម្មវិធីបណ្តុះបណ្តាលសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ បន្ទាប់ពីមានការស្នើសុំពី អាជ្ញាធរអ៊ុយក្រែន៕
ដោយ ឈូក បូរ៉ា