សេអ៊ូល ៖ កូរ៉េខាងជើង នៅតែបន្ដអះអាងថា មិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ទោះបីជាយ៉ាងណាក៏ដោយខ្លួន បានធ្វើតេស្តលើមនុស្សប្រមាណ ២៤,០០០ នាក់ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការ សុខភាពពិភពលោក។
ប្រទេសកូរ៉េខាងជើង ត្រូវបាន WHO ដកស្រង់សម្តីដោយលើកឡើងថា ខ្លួនបានធ្វើតេស្ត PCR លើមនុស្សចំនួន ២៣,៨២៦ នាក់ក្នុងចន្លោះពេល ១០ ថ្ងៃ ប៉ុន្តែគ្មានករណីឆ្លងណាមួយ ត្រូវបានគេរាយការណ៍មកនោះទេ នៅថ្ងៃទី០៨ ខែមេសា។
អង្គការសុខភាពពិភពលោក បានឲ្យដឹងនៅក្នុងរបាយការណ៍ ចុងក្រោយថា ក្នុងរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី០២ ខែមេសា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តមនុស្សចំនួន ៧០៥ នាក់ក្នុងនោះ ១០៣ នាក់មានជំងឺដូចជាគ្រុនផ្តាសាយ ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។
ចាប់តាំងពីដើមឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានកាត់ផ្តាច់ចរាចរណ៍ទៅ និងមកពីប្រទេសជិតខាង របស់ខ្លួន គឺចិន និងរុស្ស៊ី ចំពេលមានការភ័យខ្លាច កាន់តែខ្លាំងឡើងថា វីរុសដែលត្រូវបានរកឃើញ ដំបូងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន អាចចូលមកក្នុងប្រទេសនេះ។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានសន្យា អនុវត្តវិធានការ ប្រឆាំងនឹងការរាតត្បាតដ៏ខ្លាំងក្លា ដូចជាការហាមឃាត់ការ ជួបជុំជាសាធារណៈដែលមាន មនុស្សច្រើនជាង ៥ នាក់។
នៅខែកក្កដា ឆ្នាំ២០២០ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ បានចុះផ្សាយថាមនុស្សម្នាក់ ដែលបានចុះចតនៅកូរ៉េខាងត្បូង ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសដ៏កាចសាហាវនេះ បន្ទាប់ពីបានវិលត្រឡប់ទៅ Kaesong ដែលនៅជាប់ព្រំដែនខាងត្បូង ដោយខុសច្បាប់៕
ដោយ ឈូក បូរ៉ា