ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មី ផ្តោតលើរបបសឹក មីយ៉ានម៉ា

បរទេស៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មី លើឧស្សាហកម្ម ឈើនិងគុជ ជាកម្មសិទ្ធិ រដ្ឋរបស់មីយ៉ានម៉ា ស្របពេលដែល រដ្ឋបាលលោក បៃដិន ស្វះស្វែងកាត់ផ្តាច់ ធនធាន ហិរញ្ញវត្ថុ ដ៏សំខាន់ របស់របបសឹកមីយ៉ានម៉ា ព្រោះតែធ្វើការបង្ក្រាប ដោយហិង្សា លើពួកបាតុករ តវ៉ាប្រឆាំង រដ្ឋប្រហារខែកុម្ភៈ។

តាមសេចក្តីរាយការណ៍ ក្រសួងរតនាគារ អាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្ម សហគ្រាសឈើមីយ៉ានម៉ា និងសហគ្រាសគុជ មីយ៉ានម៉ា ដែលត្រួតត្រា លើការនាំចេញ ឈើនិងគុជខ្យង់ ជាធនធាន សេដ្ឋកិច្ចដ៏សំខាន់ សម្រាប់រដ្ឋាភិបាល យោធាមីយ៉ានម៉ា ដែលធ្វើរដ្ឋប្រហារ ដណ្ដើមអំណាច ពីរដ្ឋាភិបាល ជាប់ឆ្នោត កាលពីថ្ងៃទី០១ខែកុម្ភៈ ក្រោយធ្វើការចាប់ខ្លួន មេដឹកនំាជាប់ឆ្នោតស៊ីវិល។

ទណ្ឌកម្មដែលដាក់ នៅថ្ងៃពុធនោះ បង្កកទ្រព្យសម្បត្តិទាំងអស់ របស់អង្គភាពទាំងពីរ និងហាមមិនឲ្យពលរដ្ឋ អាមេរិក ធ្វើជំនួញជាមួយពួកគេ ក្រោមបទបញ្ជាប្រតិបត្តិ ដែលអនុញ្ញាតឲ្យ ចុះបញ្ជីខ្មៅក្រុមហ៊ុននានា ជាប់ទាក់ទង ជាមួយរដ្ឋាភិបាល របស់មីយ៉ានម៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “របបយោធាភូមា បន្តព្រងើយកន្តើយ ចំពោះឆន្ទៈប្រជាជនភូមា ក្នុងការស្តារឡើងវិញ នូវផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ របស់ប្រទេស។ យើងនឹងបន្តគាំទ្រប្រជាជនភូមា ក្នុងកិច្ចប្រឹងប្រែង របស់ពួកគេច្រានចោល រដ្ឋប្រហារនេះ ហើយយើងអំពាវនាវ ឲ្យរបបយោធា បញ្ឈប់នូវអំពើហិង្សា ដោះលែងមនុស្សទាំងអស់ ដែលចាប់ខ្លួន ដោយអយុត្តិធម៌ និងស្តារឡើងវិញនូវផ្លូវឆ្ពោះ ទៅរកលទ្ធិប្រជាធិបតេយ្យ របស់ភូមា”៕

ប្រែសម្រួល៖ប៉ាង កុង

To Top