បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ គ្រោងបន្តឡើងវិញ នូវសេវាកម្មរថភ្លើងដឹកទំនិញ ជាមួយកូរ៉េខាងជើង ក្រោយការបិទព្រំដែន អស់រយៈពេល១៥ខែ ព្រោះតែការរាតត្បាត ជម្ងឺកូវីដ១៩ ស្របពេលដែលជំនួញ ជាមួយប្រទេសកុម្មុយនិស្ត ឯកោនេះ ចាប់ផ្តើមស្ទុះងើបឡើងវិញ។
ប្រធានក្រុមហ៊ុនដឹកជញ្ជូន ដែលគ្រប់គ្រងជំនួញឆ្លងព្រំដែន បាននិយាយថា ស្ពានភ្ជាប់ទីក្រុង Dandong ជាមួយទីក្រុង Sinuiju ឆ្លងទន្លេ Yalu នៅក្នុង ប្រទេសកូរ៉េខាងជើង នឹងបើកដំណើរការឡើងវិញ ជាអន្លើៗ ដើម្បីអនុញ្ញាត ឲ្យរថភ្លើង ដឹកទំនិញឆ្លងកាត់ នៅពេលណាមួយ អាចមុនឬក៏ក្រោយថ្ងៃទី០១ ខែឧសភាៗ។
ប៉ុន្តែមិនទាន់មានការកំណត់ កាលបរិច្ឆេទជាក់លាក់ សម្រាប់ការបន្តដំណើរការ ដឹកអ្នកដំណើរទេ ស្របពេលដែល ប្រទេសកូរ៉េខាងជើង នៅតែភ័យខ្លាចជម្ងឺកូវីដ១៩ ហើយប្រទេសចិន ក៏បានធ្វើការរឹតបន្តឹង លើការធ្វើដំណើរចូកមក ក្នុងប្រទេសផងដែរ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនខ្លួនជាប់ប្រទេសចិនភ្លាមៗ កាលពីខែមករា ឆ្នាំ២០២០ ក្រោយមេរោគកូរ៉ូណា បានផ្ទុះឆ្លងនៅក្នុងទីក្រុងវូហាន ស្ថិតនៅកណ្ដាលប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង