បរទេស៖ សេតវិមាន បាននិយាយនៅថ្ងៃសុក្រ សប្ដាហ៍នេះថា លោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើដំណើរទៅចូលរួម កិច្ចប្រជុំកំពូល G7 កិច្ចប្រជុំកំពូល អង្គការណាតូ និងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅក្នុងខែមិថុនា ហើយនេះគឺជាដំណើរទស្សនកិច្ច ទៅបរទេស ដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី អាមេរិក។

មន្ត្រីសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ជាមួយដំណើរទស្សនកិច្ចទៅបរទេសនេះ លោក បៃដិន ស្វះស្វែងបង្ហាញការប្តេជ្ញាចិត្តរបស់លោក ចំពោះសម្ពន្ធមិត្តអឺរ៉ុប និងធ្វើការងារលើបញ្ហានានា ពាក់ព័ន្ធផលប្រយោជន៍អាមេរិកនិងដៃគូពហុភាគី។
ដំបូងលោក បៃដិន នឹងចូលរួមក្នុង កិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង Cornwall ប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ដោយនៅទីនោះ លោកនឹងព្យាយាម ជំរុញអាទិភាព គោលនយោបាយសំខាន់ៗ ស្តីពីសុខភាពសាធារណៈ ការងើបប្រសើរឡើងវិញ នៃសេដ្ឋកិច្ច និងបញ្ហាបម្រែបម្រួល អាកាសធាតុ។
ក្រៅពីនោះ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏នឹងប្រារព្ធធ្វើជំនួប ទ្វេភាគីនានាជាមួយមេដឹកនាំ G7 ដែលរួមមានទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ផងដែរ។
លោក បៃដិន នឹងធ្វើដំណើរទៅកាន់ទីក្រុងព្រួចសែល ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅថ្ងៃទី១៤ ខែមិថុនា ហើយបន្ទាប់មក នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប ដែលនៅទីនោះ លោកត្រូវបានគេរំពឹងថា នឹងបង្ហាញពីរបៀបវារៈរួមនានា ដូចជាការធ្វើឲ្យប្រសើរឡើង នូវសហប្រតិបត្តិការឌីជីថល និងជំនួញ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងក្តីព្រួយបារម្ភ ពីគោលនយោបាយបរទេស រវាងគ្នានិងគ្នា៕
ប្រែសម្រួល៖ប៉ាង កុង
