BBC៖ មន្រ្តីបាននិយាយថា នាវាមុជទឹកឥណ្ឌូនេស៊ីមួយគ្រឿង ដែលបានលិច នៅឆ្នេរសមុទ្រកោះបាលី កាលពីថ្ងៃពុធ ត្រូវបានគេរកឃើញថា បានបាក់ជាបីបំណែក នៅបាតសមុទ្រ ចំណែកនាវិកទាំង ៥៣ នាក់ នៅក្នុងនាវា ត្រូវបានបញ្ជាក់ថាបានស្លាប់។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមន្រ្តីកងទ័ពជើងទឹកបាននិយាយថា ពួកគេបានទទួលសញ្ញា ពីទីតាំងរបស់នាវាមុជទឹក ដែលលិចនោះ នៅជម្រៅជាង ៨០០ ម៉ែត្រ កាលពីព្រលឹមថ្ងៃអាទិត្យ។
យានសង្គ្រោះក្រោមទឹក ដែលខ្ចីពីប្រទេសសឹង្ហបូរី ត្រូវបានបញ្ជូនទៅ ដើម្បីទទួលបានការបញ្ជាក់ ពីការបែកបាក់របស់នាវា។ នាវាមុជទឹករបស់ប្រទេស ឥណ្ឌូនេស៊ី KRI Nanggala បានបាត់ខ្លួនបន្ទាប់ ពីបានស្នើសុំការអនុញ្ញាតឱ្យ មុជទឹកក្នុងកំឡុងពេល ធ្វើសមយុទ្ធបាញ់គ្រាប់ ចេញពីនាវា ចំណែកមូលហេតុ នៃការលិចរបស់នាវានេះ គឺមិនទាន់ច្បាស់ទេ។
សេចក្តីថ្លែងការណ៍ កាលពីថ្ងៃអាទិត្យ បានធ្វើឡើងមួយថ្ងៃបន្ទាប់ ពីយោធាឥណ្ឌូនេស៊ី បានបញ្ជាក់ថា កម្ទេចកម្ទីបាក់បែករបស់នាវា ត្រូវបានរកឃើញនៅក្នុងតំបន់ ដែលនាវាបានបាត់ខ្លួន។
នាយសេនាធិការកងទ័ពជើងទឹក Yudo Margono បាននិយាយថា របស់របរជាច្រើនទៀតពីនាវាមុជទឹក ត្រូវបានរកឃើញរួម ទាំងយុថ្កា និងអាវសុវត្ថិភាពនាវិកផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា