ញូវដេលី៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនសរុបនៃជំងឺកូវីដ-១៩ របស់ឥណ្ឌា បានកើនឡើងដល់ ១៧លាន នៅថ្ងៃច័ន្ទនេះ ដោយមានករណីថ្មីចំនួន ៣៥២,៩៩១ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

ក្រោយពីការផ្ទុះឡើងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិន បានបង្ហាញការត្រៀមខ្លួន ជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំង នឹងរលកថ្មីនៃការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងពេលដំបូង ដែលអាចធ្វើទៅបាន ហើយភាគីទាំងពីរ កំពុងរក្សាការប្រាស្រ័យទាក់ទង លើបញ្ហានេះ។
អ្នកនាំពាក្យលោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើភាគីឥណ្ឌា ធ្វើសំណើជាក់លាក់នោះប្រទេសចិន នឹងផ្តល់ការគាំទ្រ និងជំនួយក្នុងសមត្ថភាពរបស់ខ្លួន” ។
ការបង្ហាញឆន្ទៈរបស់ភាគីចិន ធ្វើឡើងបន្ទាប់ពីមានការផ្ទុះឡើងយ៉ាងគំហុគនៃការឆ្លងរាលដាល់នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ទាំងករណីឆ្លង និងស្លាប់ ដែលមួយសប្ដាហ៍ ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១លាននាក់។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវិដ-១៩ ជាង ៣០ម៉ឺននាក់ជារៀងរាល់ថ្ងៃ ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយករណីឆ្លងសរុបមានចំនួនច្រើនលំដាប់ទី២ បន្ទាប់ពីអាមេរិក៕
ដោយ ឈូក បូរ៉ា
