បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានថ្កោលទោសប្រទេសចិន ពីបទបង្កគ្រោះដល់សន្តិភាពនៅដែនសមុទ្រចិនខាងត្បូង និងបានជំរុញឲ្យភាគីទាំងអស់ គោរពតាមសេចក្តីសម្រេចរបស់តុលាការឆ្នាំ២០១៦ ដែលបដិសេធការអះអាងកម្មសិទ្ធិរបស់ចិននៅដែនសមុទ្រនោះ ប៉ុន្តែទីក្រុងប៉េកាំងមិនព្រម។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីសប្ដាហ៍មុន សហភាពអឺរ៉ុប បានចេញគោលនយោបាយថ្មីមួយ ដែលមានគោលដៅបង្កើន ឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពល កំពុងកើនឡើងរបស់ចិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ មន្ត្រីនាំពាក្យសហភាពអឺរ៉ុបមួយរូប បាននិយាយប្រាប់ដូច្នេះថា “ភាពតានតឹង នៅដែនសមុទ្រចិនខាងត្បូង ដែលរួមមានទាំងវត្តមានថ្មីៗរបស់នាវាចិន ដ៏ច្រើននៅតំបន់ថ្មប៉ប្រះទឹក Whitsun នោះ បង្កគ្រោះដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់”។
ក្រៅពីនោះ សហភាពអឺរ៉ុប ក៏បានធ្វើការលើកឡើងជាថ្មីម្តងទៀត នូវការជំទាស់ដ៏ខ្លាំងក្លារបស់ខ្លួន ចំពោះសកម្មភាពឯកតោភាគី ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិតភាពក្នុងតំបន់ និងបទបញ្ជាផ្អែកលើក្រឹតក្រមច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ប៉ាង កុង