តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃច័ន្ទនេះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀង របស់មេដឹកនាំអាស៊ាន ស្តីពីភាពចាំបាច់ ដើម្បីបញ្ឈប់ជាបន្ទាន់ នូវអំពើហឹង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកងកម្លាំង សន្តិសុខ នៅតែបន្តការបង្ក្រាប ដ៏សាហាវរបស់ពួកគេ ទៅលើក្រុមអ្នកតវ៉ាប្រឆាំង នឹងរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ។

លេខាធិការគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការឯកភាពគ្នា ៥ ចំណុច ដែលបានឈានដល់ នៅក្នុងកិច្ចប្រជុំកំពូល នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ គឺជាជំហានដំបូងឆ្ពោះទៅរក ការធ្វើឱ្យប្រសើរឡើង នូវស្ថានភាពនេះ។

ក្រៅពីការអំពាវនាវឱ្យ បញ្ឈប់អំពើហឹង្សា លោកបានលើកឡើងថា ការសន្ទនាប្រកបដោយការស្ថាបនា នឹងត្រូវធ្វើឡើង ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិ ដែលសម្របសម្រួល ដោយប្រេសិតពិសេស នៃប្រធានអាស៊ាន។
លោកកាតូ ក៏បានបញ្ជាក់ជាថ្មីផងដែរ នូវការអំពាវនាវ ឱ្យមានការដោះលែង យ៉ាងរហ័សនូវអ្នក ដែលត្រូវបានចាប់ខ្លួន ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ប៉ុន្តែបានបដិសេធ មិនធ្វើអត្ថាធិប្បាយ អំពីការចូលរួមនៅឯកិច្ចប្រជុំកំពូល របស់ឧត្តមសេនីយ៍មីន អ៊ុងឡាំង ដែលត្រូវបានគេរិះគន់ថា បានធ្វើឱ្យរបបយោធា ស្របច្បាប់នោះទេ។

យោងតាមសមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ បានឲ្យដឹងថា ចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ មនុស្សជាង ៧៥០ នាក់ត្រូវបានសម្លាប់ និងជាង ៣,៤០០ នាក់កំពុងស្ថិតក្នុងការឃុំឃាំង ក្នុងនោះរួមមានមេដឹកនាំ ដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃរដ្ឋាភិបាល ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ៕
