ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសដាក់បម្រាមគោចរ ទាំងស្រុងពីថ្ងៃទី២៩ ទៅ ដើម្បីទប់ស្កាត់ការរាលដាល នៃជម្ងឺកូវីដ១៩

បរទេស ៖ លោកប្រធានាធិបតី Tayyip Erdogan បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសតួកគី នឹងត្រូវប្រជាជនស្នាក់នៅក្នុងផ្ទះ ក្រោមបម្រាមគោចរ ទូទាំងប្រទេស ចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃទី១៧ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩ និងការស្លាប់ ។

ទិន្នន័យក្រសួងសុខាភិបាល បានបង្ហាញថា ប្រទេសតួកគី មានករណី ឆ្លងជម្ងឺកូវីដ១៩ថ្មីចំនួន៣៧.៣១២ករណី និងស្លាប់ចំនួន៣៥៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ហើយនេះជាចំនួន ធ្លាក់ចុះខ្លាំង ចាប់ពីពាក់កណ្ដាលខែមេសា ប៉ុន្តែនៅតែមានជាចំនួន ដ៏ខ្ពស់បំផុតលំដាប់ទី៤ លើពិភពលោក ។

ទន្ទឹមនឹងការប្រកាសវិធានការថ្មី ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនោះ លោក Erdogan បានមានប្រសាសន៍ថា រាល់ការធ្វើដំណើរឆ្លងទីក្រុង នឹងតម្រូវឲ្យមានការអនុញ្ញាតផ្លូវការ គ្រប់សាលារៀនទាំងអស់នឹងបិទ ផ្លាស់មកបង្រៀនមេរៀន តាមអនឡាញវិញ ហើយដែនកំណត់ដ៏តឹងរឹង នឹងត្រូវបានដាក់សម្រាប់អ្នកប្រើប្រាស់ មធ្យោបាយធ្វើដំណើរសាធារណៈ។

គួរបញ្ជាក់ថា ប្រជាជនតួកគី ចាំបាច់ត្រូវតែនៅក្នុងផ្ទះ វៀរលែងតែការធ្វើដំណើរ ទៅឥវ៉ាន់ចាំបាច់នានា និងការព្យាបាលជម្ងឺបន្ទាន់ ចំណែកក្រុមការងារ ជាក់លាក់នានា ដែលរួមទាំងបុគ្គលិក សេវាកម្មសង្គ្រោះបន្ទាន់ និងបុគ្គលិកក្នុងវិស័យ ចំណីអាហារនិងការផលិត នឹងត្រូវបានលើកលែង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top