ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ទំនងជាផ្អាកការបោះឆ្នោត ដោយសារការរំខាន ពីអ៊ីស្រាអែល

រ៉ាម៉ាឡា​ ៖ ប្រធានាធិបតី ប៉ាឡេស្ទីន លោក Mahmoud Abbas នឹងទំនងជាពន្យារពេលការបោះឆ្នោត នាពេលខាងមុខនេះ ដោយសារតែមានការរារាំងពីអ៊ីស្រាអែល នេះបើយោងតឆមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា លោកអាបាស់ អាចនឹងសម្រេចចិត្តពន្យារ ពេលការបោះឆ្នោតដោយគ្មាន ការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះសំណើរបស់ប៉ាឡេស្ទីន ដែលអនុញ្ញាត ឱ្យរៀបចំការបោះឆ្នោត នៅក្រុងយេរ៉ូសាឡឹមខាងកើត ។

នៅព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ថាលោកអាបាស់ នឹងដឹកនាំកិច្ចប្រជុំ សម្រាប់មេដឹកនាំប៉ាឡេស្ទីន នៅយប់ថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការបោះឆ្នោត ។

នៅក្នុងខែមករា លោកអាបាស់ បានប្រកាសថាការបោះឆ្នោតទូទៅឆ្នាំ២០២១ នឹងរួមមានការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី ២២ ខែឧសភា ការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣១ ខែកក្កដា និងការបោះឆ្នោតក្រុមប្រឹក្សាជាតិ ប៉ាឡេស្ទីន ដែលជាស្ថាប័ន សម្រេចចិត្តខ្ពស់បំផុត របស់អង្គការរំដោះប៉ាឡេស្ទីន នៅថ្ងៃទី៣១ ខែសីហា ។

ថ្នាក់ដឹកនាំប៉ាឡេស្ទីន ទទូចឱ្យរៀបចំការបោះឆ្នោត ទូទៅ នៅទីក្រុងយេរ៉ុសាឡឹម ខាងកើត ដែលបានកាន់កាប់ដូច នៅក្នុងការបោះឆ្នោតនីតិប្បញ្ញត្តិពីរមុន ដែលបានធ្វើឡើងនៅឆ្នាំ១៩៩៦ និង២០០៦ និងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០០៥ ៕

ដោយ ឈូក បូរ៉ា

To Top