ព័ត៌មានអន្តរជាតិ

មេដឹកនាំយោធាមីយ៉ាន់ម៉ា ថានឹងបញ្ឈប់អំពើហិង្សាភ្លាមៗ នៅស្ថានភាពប្រទេស ត្រូវបានស្ដារឡើងវិញ

រ៉ង់ហ្គូន៖ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយតាមរយៈកាសែតរដ្ឋមួយ កាលពីថ្ងៃអង្គារថា ខ្លួននឹងពិចារណាដោយប្រុងប្រយ័ត្ន នូវការមូលមតិគ្នាមួយ ដែលបានឈានដល់នៅក្នុង កិច្ចប្រជុំកំពូលអាស៊ានមួយនៅចុងសប្តាហ៍នេះ រួមទាំងការអំពាវនាវឱ្យបញ្ឈប់ អំពើហឹង្សាភ្លាមៗបន្ទាប់ពីស្ថេរភាព ត្រូវបានស្តារឡើងវិញនៅក្នុងប្រទេស។

មេដឹកនាំអាស៊ាន បានបើកកិច្ចប្រជុំនៅរដ្ឋធានីហ្សាកាតា របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ជាមួយមេដឹកនាំរបបយោធាលោក មីន អ៊ុងឡាំង ផងដែរ។ សេចក្តីថ្លែងការណ៍របស់ប្រធាន ដែលបានដាក់ចេញនូវការឯកភាពគ្នា ៥ ចំណុចរួមទាំងការបញ្ជូនប្រេសិតពិសេស ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចេញក្រោយមកទៀត។

ក្រុមយោធាបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុង កាសែតអន្តរជាតិពន្លឺថ្មីជាភាសាអង់គ្លេស កាលពីថ្ងៃអង្គារថា នៅក្នុងកិច្ចប្រជុំមេដឹកនាំ នៃសមាជិកអាស៊ានទាំង ១០ បានផ្លាស់ប្តូរទស្សនៈ ស្តីពីស្ថានការណ៍បច្ចុប្បន្ន ដោយមានសំណូមពរមួយចំនួន ត្រូវបានធ្វើឡើងនៅពេលនោះ។

ឆ្លើយតបទៅនឹងសំណូមពរមួយចំនួន របស់មេដឹកនាំអាស៊ាន មីយ៉ាន់ម៉ា បានជូនដំណឹងដល់អង្គប្រជុំថា ខ្លួននឹងផ្តល់ការពិចារណាដោយយកចិត្តទុកដាក់ ចំពោះសំណូមពរស្ថាបនា ដែលបានធ្វើដោយថ្នាក់ដឹកនាំអាស៊ាន នៅពេលដែលស្ថានការណ៍វិលត្រឡប់ ទៅរកស្ថេរភាពនៅក្នុងប្រទេស ចាប់តាំងពីអាទិភាពនៅពេលនេះ គឺដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ ហើយដើម្បីស្តារសន្តិភាពសហគមន៍ និងសន្តិភាពឡើងវិញ” ។

ផ្ទាំងពាណិជ្ជកម្ម

ចាប់តាំងពីយោធា បានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី០១ ខែកុម្ភៈ ប្រទេសនេះបានឃើញរលក នៃការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ ដោយកងកម្លាំងសន្តិសុខ បានប្រើកម្លាំងសម្លាប់ ដើម្បីបង្ក្រាបពួកគេ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានបានឱ្យដឹងថា ការឯកភាពគ្នា ៥ ចំណុចក្នុងចំណោមមេដឹកនាំអាស៊ាន ក៏មានផងដែរនូវដំណើរទស្សនកិច្ច របស់ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយ“ គ្រប់ភាគីពាក់ព័ន្ធ” និងការផ្តល់ជំនួយមនុស្សធម៌ ៕

ដោយ ឈូក បូរ៉ា

To Top