ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន នេប៉ាល់ ស្រីលង្កា និងបង់ក្លាដែស នៅថ្ងៃអង្គារម្សិលមិញនេះ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ខណៈដែលបណ្តាប្រទេសនៅអាស៊ីខាងត្បូង កំពុងប្រឈមនឹងរលកថ្មី នៃជំងឺរាតត្បាតកូវីដ-១៩ ។
ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី បានរៀបចំសន្និសីទវីដេអូមួយ ជាមួយសមភាគីទាំង ៥ របស់លោក ដោយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងមេរោគ ដែលរួមមានការ ផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយការរាតត្បាត និងថែរក្សាបរិស្ថាន អន្តរជាតិ ឱ្យបានល្អ សម្រាប់ការអភិវឌ្ឍប្រទេសទាំងអស់ ។
លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិនសម្ដែងនូវការអាណិត អាសូរយ៉ាងខ្លាំង ចំពោះការរាតត្បាតដ៏ខ្លាំងក្លានៅក្នុងប្រទេសឥណ្ឌា និងសូមចូលរួមរំលែកទុក្ខដ៏ស្មោះត្រង់ ចំពោះប្រជាជនឥណ្ឌា ទាំងអស់។
លោកវ៉ាង យី បានអះអាងថា“ ប្រទេសចិន បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រ និងជំនួយដល់ប្រជាជនឥណ្ឌាគ្រប់ពេល តាមតម្រូវការរបស់ប្រទេសឥណ្ឌា” ។
លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចប្រជុំនៅថ្ងៃអង្គារ ដែលឥណ្ឌា ត្រូវបានអញ្ជើញផងដែរ នឹងដើរតួជាជំនួយក្នុងការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតរបស់ឥណ្ឌា។
លោកបានបន្ថែមថា“ ប្រទេសចិន នឹងប្រកាន់ខ្ជាប់នូវ គំនិតសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ឈរយ៉ាងរឹងមាំជាមួយប្រជាជន នៃប្រទេសអាស៊ីខាងត្បូង និងចូលរួមរួមគ្នា និងបង្រួបបង្រួមគ្នារហូតដល់ប្រទេសទាំងអស់ ក្នុងតំបន់ទទួលបានជោគជ័យ លើជំងឺរាតត្បាត”៕
ដោយ ឈូក បូរ៉ា