ព័ត៌មានអន្តរជាតិ

រុស្ស៊ីឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ ចំពោះការដាក់ពង្រាយ កម្លាំងណាតូ នៅអឺរ៉ុបក្នុងអំឡុងសមយុទ្ធ

បរទេស៖ ប្រទេសរុស្ស៊ី កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះការចល័តនិងការដាក់ពង្រាយ របស់កងកម្លាំងណាតូ នៅក្នុងតំបន់អឺរ៉ុប ជាផ្នែកនៃសមយុទ្ធ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការពារជាតិ CSTO (អង្គការសន្ធិសញ្ញាសន្តិសុខរួម)នាថ្ងៃអង្គារនេះ ក្នុងទីក្រុង Dushanbe។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបន្តធ្វើការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ នូវស្ថានភាព ការចល័តនិងការដាក់ពង្រាយ កងកម្លាំងណាតូនៅអឺរ៉ុប នៅក្នុងអំឡុងសមយុទ្ធ Defender-Europe ។ យើងកំពុងឃ្លាំមើលការដាក់ពង្រាយជាថ្មី នៃកងពលតូចថ្មើរជើងលេខ៥៣ របស់កងពលលេខ២៩ នៃកងកម្លាំងការពារជាតិអាមេរិក ដែលបានមកដល់កាលពីម្សិលម្ង៉ៃ នៅកំពង់ផែ Durres រួមជាមួយសម្ភារៈយោធាចំនួន៧៥០”។

គួរបញ្ជាក់ថា សមយុទ្ធត្រៀមដាក់ពង្រាយបន្ទាន់ ត្រូបានគេរំពឹងថា នឹងជាផ្នែកមួយនៃសមយុទ្ធ Defender-Europe 20 Plus ដែលជាសមយុទ្ធទ្រង់ទ្រាយធំ ប៉ុន្តែគម្រោងត្រូវបានប្រែប្រួលជាបន្តបន្ទាប់ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩។

លោក Sergei Shoigu បានថ្លែងថា រុស្ស៊ីធ្វើការចល័តទ័ពនៅក្នុងទឹកដីខ្លួន ដោយអនុលោមទៅតាមផែនការ និងមិនអាចមានឥទ្ធិពល ពីខាងក្រៅក្នុងលក្ខខណ្ឌនេះ ហើយរុស្ស៊ីនឹងបន្តធ្វើគ្រប់យ៉ាង ដែលខ្លួនគិតថា ត្រឹមត្រូវដើម្បីរក្សាសន្តិសុខព្រំដែនរបស់ខ្លួន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top