ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលបង្រួបបង្រួមមីយ៉ានម៉ា ប្រាប់អាស៊ានថា គ្មានកិច្ចពិភាក្សាគ្នាលុះត្រាតែ អ្នកជាប់ពន្ធនាគារត្រូវបានដោះលែង

បរទេស៖ រដ្ឋាភិបាលបង្រួបបង្រួម គាំទ្រលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ានម៉ា ដែលរួមមានទាំងសមាជិករដ្ឋសភា ផ្តួលរំលំដោយរដ្ឋប្រហារយោធាផងនោះ បាននិយាយប្រាប់សមាគមអាស៊ានថា ខ្លួននឹងមិនចូលរួមក្នុង កិច្ចពិភាក្សាគ្នានោះទេ លុះត្រាតែរបបសឹកដោះលែង អ្នកទោសនយោបាយទាំងអស់។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ មានសមាជិក១០ប្រទេស បាននិងកំពុងតែព្យាយាម ស្វែងរកផ្លូវឲ្យប្រទេសមីយ៉ានម៉ា ចេញផុតពីវិបត្តិដែលបង្កឡើង ដោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ និងបានស្នើឲ្យបញ្ចប់អំពើហិង្សា និងចាប់ផ្តើមធ្វើការពិភាក្សា ចរចាគ្នារវាងភាគីទាំងអស់។

តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលបង្រួបបង្រួមជាតិ គាំទ្រលទ្ធិប្រជាធិតេយ្យ ដែលក្រុមអ្នកប្រឆាំងយោធានៅក្នុងខែនេះ បាននិយាយថា សមាគមអាស៊ាន គួរតែចូលរួមជាមួយខ្លួន ក្នុងនាមជាតំណាង ស្របច្បាប់របស់ប្រជាជន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រី Mahn Winn Khaing Thann ដែលជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបង្រួបបង្រួម បានមានប្រសាសន៍ដូច្នេះថា “ប៉ុន្តែ នៅមុនពេលកិច្ចពិភាក្សាគ្នា ណាមួយកើតមានឡើងនោះ ត្រូវតែមានការដោះលែងដោយឥតលក្ខខណ្ឌ នូវអ្នកទោសនយោបាយ ដែលរួមមានទាំងលោកប្រធានាធិបតី U Win Myint និងទីប្រឹក្សារដ្ឋគឺលោកស្រី អ៊ុង សានស៊ូជី” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top