ព័ត៌មានអន្តរជាតិ

រុស្ស៊ី បណ្ដាញមន្ត្រីការទូត មកពីអឺរ៉ុប ៧នាក់

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះ បានបញ្ជាឲ្យបណ្ដេញមន្ត្រីការទូត ៧នាក់ មកពីប្រទេសស្លូវ៉ាគី លីទុយអានី ឡាតវីយ៉ា និងអេស្តូនី ដើម្បីជាការសងសឹក ចំពោះការបណ្ដេញប្រេសិត របស់ប្រទេសរុស្ស៊ី។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានទុកពេលមួយសប្ដាហ៍ ឲ្យមន្ត្រីការទូតស្លូវ៉ាគី៣រូប មន្ត្រីការទូតលីទុយអានី២រូប ក៏ដូចជាមន្ត្រីការទូតឡាតវីយ៉ា មួយរូបនិងអេស្តូនីមួយរូប ធ្វើដំណើរចាកចេញពីទឹកដីរុស្ស៊ី។

រុស្ស៊ីបានចោទប្រទេសទាំង៤នោះ ពីបទបង្ហាញការរួមដៃគ្នា ជាមួយសាធារណរដ្ឋឆែក ដែលបានបញ្ជាឲ្យបុគ្គលិក ការទូតរុស្ស៊ីក្នុងទីក្រុងប្រាក ចាកចេញកាលពីសប្ដាហ៍មុន ក្រោយចោទមន្ត្រីចារកម្មរុស្ស៊ីថា នៅពីក្រោយការបំផ្ទុះ នៅឃ្លាំងគ្រាប់ក្នុងឆ្នាំ២០១៤ តែរុស្ស៊ីបានបដិសេធ ការចោទប្រកាន់នោះ។

គួរបញ្ជាក់ថា នៅក្នុងខែនេះ រដ្ឋាភិបាលឆែក បានចោទប្រកាន់ភ្នាក់ងារ ស៊ើបការណ៍សម្ងាត់រុស្ស៊ី ថានៅពីក្រោយហេតុការណ៍ បំផ្ទុះគ្រាប់នៅឃ្លាំងអាវុធមួយកន្លែង ដែលស្ថិតនៅក្នុងសាធារណរដ្ឋឆែក កាលពីឆ្នាំ២០១៤ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top