បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yomiuri Shimbun បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង កំពុងតែរៀបចំធ្វើកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមួយ នៅក្នុងអំឡុងកិច្ចប្រជុំ G7 នៅក្នុងប្រទេសអង់គ្លេស នាសប្ដាហ៍ក្រោយ។
យោងតាមអត្ថបទកាសែតនោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken លោករដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi និងលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Chung Eui-yong ត្រូវបានគេរំពឹងថា នឹងធ្វើការបញ្ជាក់ ពីសហប្រតិបត្តិការរបស់ខ្លួន លើការដោះស្រាយការអភិវឌ្ឍ អាវុធនុយក្លេអ៊ែ និងមីស៊ីលរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា នៅក្នុងខែមីនាកន្លងទៅថ្មីៗនេះ ប្រទេសកុម្មុយនិស្តឯកោកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានបាញ់តេស្តសាកល្បងនូវមីស៊ីលផ្លោងចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រជិតប្រទេសជប៉ុន បង្ហាញឲ្យឃើញនូវការអភិវឌ្ឍឥតឈប់ឈរក្នុងកម្មវិធីអាវុធរបស់ខ្លួន។
នៅក្នុងខែនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍ប្រាប់ថា លោកនិងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានព្រមព្រៀងគ្នា ទទូចឲ្យទីក្រុងព្យុងយ៉ាង គោរពតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ស្តីពីឃ្លាំងអាវុធនុយក្លេអ៊ែ និងមីស៊ីលរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង