ព័ត៌មានអន្តរជាតិ

លោក ចូ ប៊ីដិន ប្រាប់ប្រធានាធិបតីចិនថា អាមេរិកនឹងរក្សាវត្តមានយោធា រឹងមាំនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចគ្នានឹងអង្គការណាតូ នៅអឺរ៉ុប (Video)

បរទេស៖ មុននេះលោក ចូ ប៊ីដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកប្តេជ្ញាដោះស្រាយ បញ្ហាប្រឈមនានាដែលបង្កឡើង ដោយប្រទេសចិនក្នុងតំបន់ ស្របពេលដែលកំពុងខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរស្ថានភាពរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងស្វែងរកជម្រើសការទូត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោកចូ ប៊ីដិន បានថ្លែងនៅក្នុងសុន្ទរកថា របស់លោកទៅកាន់សភា កាលពីថ្ងៃពុធថា លោកបានប្រាប់សមភាគីចិន គឺលោកស៊ីជិនពីងថា សហរដ្ឋអាមេរិកនឹងរក្សាជំហរ ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ ទោះបីជាខ្លួនមិនមែន កំពុងស្វែងរកជម្លោះក៏ដោយ។

លោក ចូ ប៊ីដិន បន្តថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមាន យោធារឹងមាំនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចគ្នានឹងអង្គការ ណាតូ នៅអឺរ៉ុបដែរ។

លោក Biden បាននិយាយកាលពីថ្ងៃពុធ ប្រាប់សភាអាមេរិកថា « ខ្ញុំក៏បានប្រាប់លោកប្រធានាធិបតីស៊ីថា យើងនឹងរក្សាវត្តមានយោធា ដ៏ខ្លាំងមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដូចគ្នា នឹងយើងធ្វើជាមួយណាតូនៅអឺរ៉ុបដែរ មិនមែនដើម្បីចាប់ផ្តើមជម្លោះទេ” ប៉ុន្តែដើម្បីការពារជម្លោះ» ។

តាមលោក ចូ ប៊ីដិន, អាមេរិក នឹងប្រឆាំងនឹងការធ្វើពាណិជ្ជកម្ម ដោយអយុត្តិធម៌ ដែលជះឥទ្ធិពលដល់ផលប្រយោជន៍ របស់កម្មករនិងក្រុមហ៊ុនអាមេរិក ហើយនឹងប្រឆាំងផងដែរដើម្បីធានាថា បណ្តាប្រទេសផ្សេងទៀតរួមទាំងប្រទេសចិន ដើរតួដោយច្បាប់ដូចគ្នា នៅក្នុងសេដ្ឋកិច្ចពិភពលោក ដូចសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហាញពីជំនឿរបស់លោកផងដែរថា សហរដ្ឋអាមេរិកស្ថិតនៅក្នុងស្ថានភាព ប្រកួតប្រជែងជាមួយប្រទេសចិន និងប្រទេសជាច្រើនទៀត សម្រាប់ភាពជាអ្នកដឹកនាំនៅសតវត្សរ៍ទី ២១ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top