Covid-19

វិភាគ: វិបត្តិនយោបាយ និង Covid-19 កំពុងរុញទម្លាក់ មីយ៉ានម៉ា ទៅក្នុងជ្រោះក្រីក្រ

បច្ចុប្បន្នភាព

​កម្មវិធីដើម្បីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ (UNDP) បានចេញរបាយការណ៍មួយ កាលពីថ្ងៃសុក្រ ទី៣០ ខែមេសាកន្លងទៅថ្មីៗនេះ ស្តីអំពីវិបត្តិនយោបាយ និងវិបត្តិCovid-19នៅសហភាពមីយ៉ានម៉ា ដែលកំពុងរុញច្រានសហភាពមួយនេះអោយធ្លាក់ចូលក្នុងភាពក្រីក្រ ដែលពិបាកនឹងស្តារឡើងវិញនៅពេលខាងមុខ​ ។

UNDP បានអោយដឹងថា គិតត្រឹមឆ្នាំ២០២០កន្លងទៅ សហភាពមីយ៉ានម៉ា មានចំនួនប្រជាជនសរុបប្រមាណជាង៥៤លាននាក់ ហើយក្នុងរង្វង់២៥% នៃប្រជាជនសរុប បានរស់នៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្រ ដោយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសនេះបានកើនឡើងក្នុងល្បឿនយឺតជាប្រទេសនានាក្នុងតំបន់ ។

មុនឆ្នាំ២០០៥កន្លងទៅ ប្រជាពលរដ្ឋប្រមាណជិត៥០% នៅសហភាពមីយ៉ានម៉ា បានរស់នៅក្រោមខ្សែបន្ទាត់ នៃភាពក្រីក្រ ក្រោមការដឹកនាំរបស់របបសឹក ប៉ុន្តែរបបសឹកបានធ្វើកំណែទម្រង់ សេដ្ឋកិច្ច និងនយោបាយជាបន្តបន្ទាប់ រហូតដល់បើកអោយមានគណបក្សនយោបាយកាលពីឆ្នាំ២០១១ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ។

ស្របពេលដែលបើក អោយមានគណបក្សនយោបាយ ប្រកួតប្រជែង របបសឹកមីយ៉ានម៉ា ក៏បានពង្រីកទំនាក់ទំនង សេដ្ឋកិច្ចនៅក្នុងតំបន់ និងនៅជុំវិញពិភពលោក ផងដែរ ហើយនៅឆ្នាំ២០១៥ ការបោះឆ្នោតអាណត្តិទី១ បានឈានចូលមកដល់ និងគណបក្សសម្ព័ន្ធជាតិដើម្ បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានទទួលជ័យជម្នះ ។

រដ្ឋាភិបាលស៊ីវិលថ្មី បានរុញច្រានកំណើនសេដ្ឋកិច្ច អោយលូតលាស់ខ្លាំង រហូតដល់បានកាត់បន្ថយប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស បានប្រមាណ៤៨% អោយនៅជាង២៥% ហើយនៅពេលខាងមុខ ចំនួនប្រជាពលរដ្ឋក្រីក្រ អាចនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយ របស់ប្រទេស ដែលធ្លាប់ស្ថិតនៅក្រោម ការដឹកនាំរបស់របបសឹក ចាប់តាំងពីឆ្នាំ១៩៦២ កន្លងទៅ ។

របាយការណ៍របស់ UNDP ដដែលបានបង្ហា្ញញថា ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ មីយ៉ានម៉ា ក្នុងការរលាស់ខ្លួន អោយរួចផុតពីភាពក្រីក្រ បានរលាយសាបសូន្ យអស់ទៅហើយ ចាប់តាំងពីកង កម្លាំងយោធា បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ដើមឆ្នាំ២០២១កន្លងទៅ ដែលនាំអោយវិបត្តិនយោបាយកើតឡើង ។

បច្ចុប្បន្ននេះ មីយ៉ានម៉ា កំពុងជួបប្រទះវិបត្តិ២ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរ គឺវិបត្តិនយោបាយ និងវិបត្តិវីរុសCovid-19 ដែលកំពុងរុញច្រាន អោយប្រទេសនេះ អោយធ្លាក់ចូលទៅក្នុងជ្រោះនៃភាពក្រីក្រសាជាថ្មី ដោយកំណើន នៃប្រជាពលរដ្ឋក្រីក្រ កំពុងកើនឡើងខ្ពស់ជាលំដាប់ និងកើនឡើងកាន់តែខ្ពស់ នៅឆ្នាំ២០២២ ខាងមុខនេះ ។

អ្នកជំនាញផ្នែក សេដ្ឋកិច្ច របស់អង្គការ UNDP បាននិយាយថា វិបត្តិនយោបាយ និងវិបត្តិវីរុស Covid-19 នៅសហភាពមីយ៉ានម៉ា បានរុញច្រានកំណើន សេដ្ឋកិច្ចរបស់ប្រទេសនេះ អោយដើរថយក្រោយ រយៈពេលយ៉ាងហោចណាស់១៦ឆ្នាំ ហើយក្នុងរយៈពេលនេះ កំណើននៃប្រជាពលរដ្ឋក្រីក្រ អាចនឹងកើនឡើងខ្ពស់ ជាងកាលពីឆ្នាំ២០០៥ ទៅទៀត ។

សូមរំលឹកជូនថា កាលពីចុងខែកុម្ ភៈកន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានរួចទៅហើយថា​ ប្រសិនបើរបបសឹក មីយ៉ានម៉ា មិនបញ្ចប់វិបត្ តិនយោបាយអោយបានឆាប់ទេនោះ ប្រទេសនេះនឹងធ្លាក់ចូល ទៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ សាជាថ្មី ខណៈដែលប្រទេសនេះ ទើបតែមានកំណើនសេដ្ឋកិច្ច កើនឡើងបន្តិចបន្តួច ។

ប្រជាពលរដ្ឋ សរុបរបស់សហភាព មីយ៉ានម៉ាប្រមាណ ជាងពាក់កណ្តាល ឬស្មើនឹង៣ភាគ៤ កំពុងរស់នៅ ដោយគ្មានភ្លើងអគ្គិសនី ប្រើប្រាស់ទេ ហើយប្រាក់ចំណូល ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ធ្លាក់ចុះកាន់តែទាប ជាលំដាប់ផងដែរ ប្រសិនជាវិបត្តិនយោបាយនៅតែអូសបន្លាយរយៈពេលយូរបន្តទៅទៀត ។

IMF បានបញ្ជាក់ថា សហភាពមីយ៉ានម៉ា នឹងជាប្រទេសក្រីក្របំផុតក្នុងតំបន់ចាប់ពីឆ្នាំ២០២២ខាងមុខនេះទៅ ប្រសិនជាមេដឹកនាំ របស់ប្រទេសនេះ មិនមានសមត្ថភាពបញ្ចប់វិបត្តិនយោបាយ នៅក្នុងប្រទេស របស់ខ្លួននោះទេ ។

ដើមចមនាំអោយកើតរឿង

            UNDP ដែលមានទំនាក់ទំនង ការងារជាមួយជាង ១៧០ប្រទេស និងតំបន់ បានអោយដឹងថា ដើមចមដែលនាំអោយ សហភាពមីយ៉ានម៉ា ធ្លាក់ចូល ក្នុងភាពក្រីក្រក្នុងល្បឿនលឿន គឺដោយសារចរន្ត ការងារក្នុងរដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល មានភាពរអាក់រអួល និងដាច់ដោយអន្លើ ដោយសារវិបត្តិនយោបាយ ។

            បុគ្គលិកភាគច្រើន ដែលបម្រើការងារ ក្នុងស្ថាប័នរដ្ឋ និងឯកជន បានប្រមូលគ្នាចេញទៅធ្វើបាតុកម្មប្រឆាំងរបបសឹក ដែលជាហេតុនាំ អោយមន្ទីរពេទ្យ សាលារៀន និងការិយាល័យធ្វើការមួយចំនួនធំ ត្រូវបានបិទទ្វារ ជាពិសេស ធនាគារជាច្រើន ក៏ត្រូវបិទទ្វារដែរ ដែលនាំអោយចរន្ត សាច់ប្រាក់ត្រូវជាប់គាំង នៅទូទាំងប្រទេស ។

            កង្វះសាច់ប្រាក់ចរាចរណ៍ នៅលើទីផ្សារ គឺជាបច្ច័យអាក្រក់បំផុតក្នុងការរុញដោលអោយតម្លៃទំនិញគ្រប់ប្រភេទ ជាពិសេសទំនិញពាក់ព័ន្ធនឹងម្ហូបអាហារ បានកើនឡើងកប់ពពក ដោយសារគ្មានសាច់ប្រាក់ គ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់លើទីផ្សារ ហើយទំនិញនៅលើទីផ្សារក៏មានកង្វះខាតផងដែរ ដោយសារចរន្តដឹកជញ្ជូនបានរអាក់រអួល ។

            ចំពោះវិបត្តិCovid-19វិញ ក៏ជាកត្តាដ៏សំខាន់មួយ ក្នុងការទាញទម្លាក់ កំណើនសេដ្ឋកិច្ច របស់សហភាពមីយ៉ានម៉ា អោយធ្លាក់ចុះទាប ជាលំដាប់ដែរ ដោយសារនៅពេលបច្ចុប្បន្ននេះ ក្រុមប្រជាបាតុករ រាប់ម៉ឺននាក់ បានចេញទៅធ្វើបាតុកម្ម ដែលហាក់ដូចជាការផ្តល់ឱកាស អោយវីរុសCovid-19 ឆ្លងរាលដាល កាន់តែខ្លាំងនៅទូទាំងប្រទេស ។

            គិតត្រឹមថ្ងៃសៅរ៍ ទី១ ខែឧសភានេះ ចំនួនមនុស្សឆ្លងវីរុសCovid-19សរុបនៅសហភាពមីយ៉ានម៉ា បានកើនឡើងដល់ ១៤២.៨១៧នាក់ និងមនុស្សស្លាប់សរុបបានកើនឡើងដល់ ៣.២០៩នាក់ ប៉ុន្តែចំនួននេះ ទំនងជាមិនត្រឹមត្រូវ១០០%ទេ ដោយសារនៅតាមមន្ទីរពេទ្យនានានៅទូទាំងប្រទេស មិនមានគ្រូពេទ្យគ្រប់គ្រាន់សម្រាប់តាមដានពីCovid-19នោះទេ ៕

អ៊ី ជិន

To Top