Covid-19

ចំនួនអ្នកឆ្លង ជំងឺកូវីដ-១៩ នៅឥណ្ឌា កើនឡើង ដល់ជាង ១៩លាននាក់ ខណៈអ្នកស្លាប់ មានរហូតដល់ជាង ២១ម៉ឺននាក់

ញូវដេលី៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងថា ចំនួនសរុបនៃករណីឆ្លង ជំងឺកូវីដ-១៩ បានកើនឡើងដល់ ១៩,១៦៤,៩៦៩ នៅថ្ងៃសៅរ៍នេះ ជាមួយនឹងការកើនឡើង ៤០១,៩៩៣ករណី ក្នុងរយៈពេលត្រឹម ២៤ម៉ោងចុងក្រោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

នេះជាលើកទីមួយហើយ នៅពេលដែលករណីថ្មី ជាង ៤០០,០០០ ករណី ត្រូវបានកត់ត្រា នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល ២៤ ម៉ោង ហើយចំនួនអ្នកស្លាប់ មានចំនួន ៣,៥២៣ នាក់ចាប់តាំងពីព្រឹកថ្ងៃសុក្រ ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់សរុប ដល់ ២១១,៨៥៣ នាក់។

នៅតែមានករណីសកម្ម សរុបចំនួន ៣,២៦៨,៧១០ ករណី នៅក្នុងប្រទេស ដោយមានការកើនឡើង ចំនួន ៩៨,៤៨២ ករណីរហូតដល់ថ្ងៃសុក្រ ខណៈមនុស្ស ១៥។៦៨៤។ ៤០៦ នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេស។

តួលេខជំងឺកូវីដ-១៩ បន្តកើនឡើង ដល់កម្រិតកំពូល នៅក្នុងប្រទេស ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធ បានសម្រេចដាក់ការបិទទ្វារទាំងស្រុង។ រដ្ឋធានីញូវដេលី ត្រូវបានដាក់នៅក្រោមការ ចាក់សោរយៈពេលមួយសប្តាហ៍ ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៣ ខែឧសភា៕ ដោយ៖ ឈូក បូរ៉ា

To Top