ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសដាក់ការរឹតត្បិត ការធ្វើដំណើរ លើសម្ព័ន្ធមិត្ដឥណ្ឌា របស់ខ្លួន ដោយសារជំងឺកូវីដ-១៩

វ៉ាស៊ីនតោន ៖ សេតវិមានអាមេរិក បានប្រកាសពីការរឹតត្បិត ការធ្វើដំណើរលើប្រទេសឥណ្ឌា ដែលមានប្រសិទ្ធភាព នៅថ្ងៃទី០៤ ខែឧសភា ដោយសារការផ្ទុះឡើង ជាថ្មីនូវជំងឺកូវីដ-១៩ទម្រង់ថ្មី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍ខ្លីមួយថា “តាមដំបូន្មានរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ រដ្ឋបាល នឹងរឹតត្បិតការធ្វើដំណើរ ពីប្រទេសឥណ្ឌា ដែលចាប់ផ្តើមភ្លាមៗ” ។

គោលការណ៍នេះនឹង ត្រូវបានអនុវត្តដោយផ្អែក លើការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ-១៩ទម្រង់ថ្មី ដែលមានកំរិតខ្ពស់ និងទម្រង់ឆ្លងជាច្រើន កំពុងចរាចរនៅក្នុងប្រទេសឥណ្ឌា ហើយគោល នយោបាយនេះនឹងចូលជាធរមាន នៅថ្ងៃអង្គារទី០៤ ខែឧសភា។

ក្រសួងការបរទេសកាលពីថ្ងៃពុធ បានជំរុញឱ្យ “ពលរដ្ឋអាមេរិក ដែលមានបំណង ចាកចេញពីប្រទេសឥណ្ឌា គួរតែទាញយកអត្ថប្រយោជន៍ ពីជម្រើសដឹកជញ្ជូនពាណិជ្ជកម្ម ដែលមាន” នៅក្នុងការផ្តល់យោបល់ ស្តីពីការធ្វើដំណើរកម្រិត ៤ ។ នាយកដ្ឋានក៏បានយល់ព្រម ចំពោះការចាកចេញដោយស្ម័គ្រចិត្ត របស់សមាជិកគ្រួសារ នៃបុគ្គលិករដ្ឋាភិបាល សហរដ្ឋអាមេរិក មកពីប្រទេសឥណ្ឌា។

ប្រទេសឥណ្ឌា កំពុងមើល ឃើញការ លេចចេញជាថ្មីនៅក្នុងករណីឆ្លងជំងឺកូវីដ-១៩ ។ ក្រសួងសុខាភិបាល សហព័ន្ធ បានឲ្យដឹងនៅព្រឹក ថ្ងៃសុក្រម្សិលមិញនេះថា មានករណីថ្មីចំនួន ៣៨៦,៤៥២ករណី និងការស្លាប់ចំនួន ៣,៤៩៨ នាក់ ត្រូវបានចុះបញ្ជីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនៅទូទាំងប្រទេស ៕
ដោយ ឈូក បូរ៉ា

To Top