បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា កិច្ចចរចាគ្នាដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់ ស្តីពីការវិលត្រឡប់អនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥វិញនោះ កំពុងស្ថិតនៅក្នុងទីមិនច្បាស់លាស់។
ការថ្លែងបែបនេះរបស់លោក Jake Sullivan គឺត្រូវបានធ្វើឡើងក្រោយការ ចាប់ផ្តើមកិច្ចពិភាក្សាជុំទី៣នៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុងវីយែន ដែលមានមន្ត្រីតំណាងមកពីប្រទេសអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហភាពអឺរ៉ុប ស្ថិតនៅចន្លោះរវាងគណៈប្រតិភូអាមេរិកនិងអ៊ីរ៉ង់។
លោកបាននិយាយប្រាប់សិក្ខាសាលា Aspen Security Forum យ៉ាងដូច្នេះថា “ខ្ញុំមិនបង្ហាញពីលក្ខណៈខ្លឹមសារ នៃកិច្ចចរចានៅចំណុចនេះនោះទេ ព្រោះវាស្ថិតនៅក្នុងទីមិនច្បាស់លាស់។ យើងបានឃើញឆន្ទៈរបស់ភាគីទាំងអស់ រួមទាំងអ៊ីរ៉ង់ផងដែរ ក្នុងការធ្វើការពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ស្តីពីរឹតត្បឹតលើការបន្ធូរបន្ថយទណ្ឌកម្ម និងផ្លូវត្រឡប់ចូលកិច្ចព្រមព្រៀង JCPOA វិញ”។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ក្នុងឆ្នាំ២០១៥ បានដាក់កម្រិតលើកម្មវិធីនុយក្លេអ៊ែ របស់ទីក្រុងតេអេរ៉ង់ រារាំងការអភិវឌ្ឍអាវុធនុយក្លេអ៊ែ ហើយជាការតបស្នងវិញ ប្រទេសអ៊ីរ៉ង់ បានទទួលនូវការបន្ធូរបន្ថយពីទណ្ឌកម្ម របស់សហរដ្ឋអាមេរិកនិងអន្តរជាតិ ៕
ប្រែសម្រួល៖ ប៉ាង កុង