បរទេស៖ កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត នៅកូរ៉េខាងត្បូង នាថ្ងៃអាទិត្យនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ជាបន្តបន្ទាប់មួយ ដែលនិយាយថា ថ្លែងថ្មីៗនេះពីទីក្រុងវ៉ាស៊ីនតោន គឺជាភស្តុតាងនៃគោលនយោបាយ ប្រកបដោយអរិភាព តម្រូវឲ្យមានការឆ្លើយតប ប្រហាក់ប្រហែលគ្នា ពីទីក្រុងព្យុងយ៉ាង។
សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយលើទីភ្នាក់ងារសារព័ត៌មាន កណ្ដាល កូរ៉េខាងជើង KCNA នេះ គឺត្រូវបានធ្វើឡ្ងើង ក្រោយសេតវិមាន បាននិយាយនៅថ្ងៃសុក្រថា មន្ត្រីសហរដ្ឋអាមេរិក បានបញ្ចប់ការពិចារណា រយៈពេលមួយខែ លើគោលនយោបាយ កូរ៉េខាងជើង និងបង្ហាញនូវភាពលំបាក ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រឈមមុខ ស្របពេលដែលលោកព្យាយាមកំណត់វិធីសាស្ត្ររបស់លោក ឲ្យឆ្ងាយពីភាពបរាជ័យរបស់អ្នកកាត់តំណែងមុនលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស ទីក្រុងព្យុងយ៉ាង មួយរូប បានចោទទីក្រុងវ៉ាស៊ីនតោន ពីបទប្រមាថឧត្តមភាព របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសតាមរយៈ ការរិះគន់ ពីស្ថានភាពសិទ្ធិមនុស្ស របស់ប្រទេសកូរ៉េខាងជើង។
មន្ត្រីនាំពាក្យ ដែលមិនបញ្ចេញឈ្មោះ នោះ បាននិយាយបន្តថា ការរិះគន់ អំពីស្ថានភាពសិទ្ធិមនុស្សនោះ គឺជាការបង្កហេតុមួយ ដែលបង្ហាញថា សហរដ្ឋអាមេរិក កំពុងតែត្រៀមខ្លួន សម្រាប់ការប្រឈមមុខ របស់ខ្លួនទាំងអស់ ជាមួយប្រទេសកូរ៉េខាងជើង ហើយនឹងទទួលបានការឆ្លើយតប ដ៏សមស្របវិញ៕
ប្រែសម្រួល៖ប៉ាង កុង