ព័ត៌មានអន្តរជាតិ

អាមេរិក បន្ទន់ជំហរ ជាមួយកូរ៉េខាងជើង ដោយជ្រើសយកគោល នយោបាយកាត់ បន្ថយភាពតានតឹង

វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខកំពូល របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា គោលនយោបាយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសកូរ៉េខាងជើង មិនមែនសំដៅទៅលើភាពប្រទូសរ៉ាយនោះទេ ប៉ុន្តែជាការកាត់បន្ថយភាពតានតឹង នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានយុនហាប់។

ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan បានបន្ថែមថា សហរដ្ឋអាមេរិកត្រៀម នឹងចូលរួមជាមួយកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីជំហាន ជាក់ស្តែង ដើម្បីឆ្ពោះទៅរកការរំសាយ អាវុធនុយក្លេអ៊ែរ ។

លោក Sullivan បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ជាមួយ ABC News ថា “គោលនយោបាយ របស់យើង ចំពោះកូរ៉េខាងជើងគឺមិនមានបំណង ធ្វើឱ្យមានអរិភាពនោះទេ” ។

លោកបានបន្ថែមថា“ យើងបានត្រៀមខ្លួន ចូលរួមក្នុងការទូតឆ្ពោះទៅ រកគោលដៅចុងក្រោយ ប៉ុន្តែធ្វើការលើវិធានការណ៍ជាក់ស្តែង ដែលអាចជួយយើង ឱ្យមានការរីកចម្រើន ទៅមុខឆ្ពោះទៅរកគោលដៅនោះ” ។

ការកត់សម្គាល់នេះ កើតឡើងភ្លាមៗ បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ថាបានធ្វើឱ្យមានកំហុសដ៏ធំមួយ ហើយបានគំរាម សហរដ្ឋអាមេរិកថា ខ្លួននឹងស្ថិតក្នុងស្ថានភាព លំបាកបំផុត ។

ទីក្រុងព្យុងយ៉ាង បានលើកឡើង អំពីសុន្ទរកថាថ្មីៗនេះរបស់លោក ចូ បៃដិន ទៅកាន់សភាសហរដ្ឋអាមេរិក ដែលក្នុងនោះមេដឹកនាំ សហរដ្ឋអាមេរិករូបនេះ បានលើកឡើងថា ប្រទេស របស់លោក នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា នុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមរយៈ “ការទូត ក៏ដូចជាការទប់ស្កាត់”៕
ដោយ ឈូក បូរ៉ា

To Top