បរទេស៖ កាសែត South China Morning Post បានផ្សាយដោយស្រង់ប្រភព ពីខាងយោធាថា នាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរថ្មីរបស់ប្រទេសចិនដែលមានឈ្មោះថា Type 094A បំពាក់ដោយមីស៊ីលផ្លោងដែលអាចវាយប្រហារគោលដៅនៅចម្ងាយ ១០ ០០០ គីឡូម៉ែត្រ (៦,២០០ ម៉ាយល៍) ដែលជាកម្លាំងខ្លាំងបំផុតនៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមប្រភពនោះថា នាវាមុជទឹក Type 094A គឺជាប្រភេទមួយដែលត្រូវបានធ្វើឱ្យប្រសើរឡើងចេញពី Type 094 ដែលបានយកឈ្នះបញ្ហាសំខាន់មួយ គឺសំឡេងដោយធ្វើអោយប្រសើរឡើងនូវប្រព័ន្ធខ្យល់ និងចលនាបញ្ចូលគ្នាដែលអនុញ្ញាតឱ្យវាអាចដឹកកម្លាំងដ៏មានឥទ្ធិពល JL-3″ ។
ប្រភពបាននិយាយទៀតថា មុនពេល upgrade គឺនាវាមុជទឹកនេះមានសមត្ថភាពបាញ់កាំជ្រួច JL-2 ដែលអាចវាយប្រហារនៅភាគឦសានរបស់សហរដ្ឋអាមេរិក។ ប្រភពបានបញ្ជាក់ទៀតថា បច្ចុប្បន្នវាអាចគ្របដណ្តប់លើទ្វីបអាមេរិកទាំងមូល។
កាសែត South China Morning Post ក៏បានរាយការណ៍ដោយដកស្រង់សម្តីអ្នកជំនាញយោធាម្នាក់ថា អាវុធថ្មីនេះនឹងជួយបង្កើនសមត្ថភាពរបស់ចិនក្នុងការសងសឹកបន្ទាប់ពីមានការវាយប្រហារនុយក្លេអ៊ែរ។
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីដែលបានបង្ហាញកាលពីសប្តាហ៍មុនដែលជាផ្នែកមួយនៃការប្រារព្ធពិធីរំលឹកខួបលើកទី ៧២ នៃកងនាវាចរចិន ត្រូវបានបំពាក់ដោយអាវុធ JL-3 ឬ Julang ដែលជាមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក។
បច្ចុប្បន្នប្រទេសអាស៊ីមួយនេះមាននាវាមុជទឹក Type 094 and Type 094A ចំនួន ៦ គ្រឿងដោយក្នុងមួយគ្រឿង ៗ អាចផ្ទុកមីស៊ីល JL-3 ចំនួន ១៦ គ្រាប់៕ប្រែសម្រួលៈ ណៃ តុលា