Covid-19

រាជរដ្ឋាភិបាល បញ្ជាអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញបម្រាម គោចរពីចន្លោះម៉ោង ២០ដល់ម៉ោង៣ទៀបភ្លឺ (Video)

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យ រៀបចំដាក់ចេញបម្រាម គោចពីចន្លោះម៉ោង២០ ដល់ម៉ោង៣ទៀបភ្លឺ សម្រាប់ភូមិសាស្ដ្រទាំងមូល ឬផ្នែកណាមួយដែលស្ថិត ក្រោមសមត្ថកិច្ចរបស់ខ្លួន។

ក្នុងសេចក្ដីណែនាំ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបិទខ្ទប់ផ្នែកណាមួយនៃ ភូមិសាស្ដ្រដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺនេះ ទាំងនៅក្នុងភូមិសាស្ដ្រដែល ត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀត អភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការដាក់ចេញវិធានការចាំបាច់ និងសមស្របនានាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលនៃជំងឺនេះ ក្នុងភូមិសាស្ដ្របិ ទខ្ទប់នីមួយៗ។

សម្ដេចតេជោ មានប្រសាសន៍ថា «គណៈអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យរៀបចំដាក់ចេញ បម្រាមគោចរពីចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) សម្រាប់ភូមិសាស្ត្រទាំងមូល ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែត្រូវយកចិត្តទុកដាក់ធានា ឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់, ការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគ, ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ, សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់អគ្គិភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត, សេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩, ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈ បរិក្ខាវេជ្ជសាស្រ្តផ្សេងទៀត, ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់, ការបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃទៀត»។

សម្ដេចតេជោ បន្ដថា អភិបាលរាជធានី- ខេត្ត ត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅតាមទីកន្លែងដែលអាចមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃជំងឺកូវដ-១៩ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ, ភោជនីយដ្ឋាន-អាហារដ្ឋាន និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកំសាន្តនានា និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬដែលមិនធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សម្តេចតេជោ ក៏បានជំរុញគណៈអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តការហាមឃាត់ ឬផ្អាកនូវរាល់ទីតាំងសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅពេលដែលទីតាំងនៃសកម្មភាពការងារ មុខរបរ ឬអាជីវកម្មនោះ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬមានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលចាំបាច់បំផុតសម្រាប់ បម្រើឱ្យភូមិសាស្រ្តរបស់ខ្លួន ឬបម្រើឱ្យផលប្រយោជន៍។​
សូមរំលឹកថា ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top