សេអ៊ូល៖ ក្រុមអ្នកជំនាញ សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែមានឆន្ទៈលះបង់ អាវុធនុយក្លេអ៊ែរ របស់ខ្លួន ក្នុងតម្លៃសមរម្យ ប៉ុន្តែទំនងជានឹង រង់ចាំមើលថា តើរដ្ឋបាលអាមេរិកថ្មី មានភាពធ្ងន់ធ្ងរ និងប្តេជ្ញាចិត្ត យ៉ាងដូចម្តេច ចំពោះការទូត។
លោក Joseph DeTrani ថ្លែងនៅក្នុងសិក្ខាសាលា តាមគេហទំព័រ ដែលរៀបចំឡើងដោយ Washington Times Foundation ឲ្យដឹងថា “ខ្ញុំជឿជាក់ថា ប្រទេសកូរ៉េខាងជើង ប្តេជ្ញាចិត្តបញ្ចប់ ការលុបបំបាត់ អាវុធនុយក្លេអ៊ែរ ដែលអាចផ្ទៀងផ្ទាត់ បានដោយសន្មតថា ពួកគេទទួលបាននូវការធានាសន្តិសុខ ដែលពួកគេចង់បាន ហើយពួកគេពិតជាត្រូវការ ពីព្រោះពួកគេមានការព្រួយបារម្ភ អំពីការផ្លាស់ប្តូររបប ហើយពួកគេដឹងថា អាវុធនុយក្លេអ៊ែរ ពិតជាឧបសគ្គមួយ”។
លោក DeTrani បានបម្រើការជាងពីរទសវត្ស នៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កណ្តាល មុនពេលធ្វើការជាបេសកជនពិសេស របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចា ការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយ ប្រទេសកូរ៉េខាងជើង។
អតីតអ្នកចរចា អាមេរិករូបនេះបានលើកឡើងថា ការជួបគ្នាជាច្រើន ជាមួយសមភាគីកូរ៉េខាងជើង របស់លោក បានធ្វើឱ្យលោកមាន ចំណាប់អារម្មណ៍ជាច្រើន ដែលមួយ ក្នុងចំណោមនោះ គឺ “កូរ៉េខាងជើងចង់ បានទំនាក់ទំនង ធម្មតាជាមួយ សហរដ្ឋអាមេរិក” ។
បន្ទាប់ពីការត្រួតពិនិត្យជិត ១០០ ថ្ងៃរដ្ឋបាលលោក ចូ បៃដិន បានឲ្យដឹងកាលពីថ្ងៃសុក្រ ថាគោលនយោបាយ របស់កូរ៉េខាងជើង នឹងស្វែងរកមធ្យោបាយ ជាក់ស្តែង ដើម្បីធ្វើឱ្យមានការរីកចម្រើន ពិតប្រាកដឆ្ពោះ ទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញ នៃឧបទ្វីបកូរ៉េ តាមរយៈការទូត៕
ដោយ ឈូក បូរ៉ា